Connect with us

ព័ត៌មានជាតិ

ក្រោយចូលឆ្នាំខ្មែរបញ្ចប់ ពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ

បន្ទាយមានជ័យ ៖ នៅតែមានពលរដ្ឋខ្មែរចំណាក់ស្រុកដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀង បើទោះបីជារដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានឯកភាពគ្នាសម្របសម្រួលដល់ការធ្វើដំណើររបស់ពលករខ្មែរ ដែលឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមិនមានការយកលុយលើឯកសារ ។

ការចំណាកស្រុកដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋខ្មែរទៅថៃនេះ ត្រូវបានសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់បាន
ចំនួន ៣០០នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ បានអោយដឹងថា អនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លើការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ លោកបានសហការជាមួយកម្លាំងអធិការនគរបាលស្រុកម៉ាឡៃ កម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ ធ្វើការទប់ស្កាត់មិនអោយឆ្លងដែនខុសច្បាប់ក្នុងភូមិសាស្រ្ត ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លើពលករ ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់ ។ ពលរដ្ឋភាគច្រើន គឺ មកពីបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

លោកបន្តថា ក្រោយពីទទួលបានការអប់រំណែនាំ  និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ ដើម្បីធ្វើការបែបបទឆ្លងដែនដោយស្របច្បាប់ មានលិខិតស្នាមត្រឹមត្រូវ  ជៀសវាងចាញ់បោកមេខ្យល់ ឬមានបញ្ហាផ្សេងៗ ។

លោកបានអោយដឹងទៀតថា ក្រោយការឃាត់សាកសួរមិនទាន់រកឃើញមេខ្យល់នៅឡើយទេ តែខាងជំនាញស្នងការដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងប្រឆាំងការជួញដូរមនុស្ស កំពុងតែបន្តស្រាវជ្រាវរកមេខ្យល់ នៅពីក្រោយការចំណាកស្រុកនេះ ៕