Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ ៥នាក់​ ផលិត​ថ្នាំញៀន និងកាន់កាប់អាវុធខុសច្បាប់ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិខ្មែរ ចិន និងថៃ ចំនួន០៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ផលិត​ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលពីវេលាម៉ោង១៩និង៣៨នាទី ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបេីកប្រតិបត្តិការបង្រ្កាបករណី ផលិត​ ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដោយបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ រួមមាន ៖ ១-ឈ្មោះ ស៊ុំម៉ៃ វ៉ាន់ថាណាស៊ីន (ហៅតា)​ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់),​ ២-ឈ្មោះ ភូវ៉រ៉េត ធានធឿន (ហៅប៉េវ)​ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ​ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់),​ ៣-ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិត និងជួញដូរគ្រឿងញៀន និងសញ្ចារកម្ម),​ ៤-ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ),​ ៥-ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ)​។

លោកបន្តថា ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ០២កញ្ចប់ធំ និង១៦ថង់កិប មានទម្ងន់ ២៨៨០,២ក្រាម ,​ ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន២៥កញ្ចប់ និង០២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម,​ កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម,​ កញ្ឆាក្រៀម ចំនួន ០៧ថង់កិប ទម្ងន់ ២៦,៨ក្រាម,​ ម្ស៉ៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម,​ ដុំក្រាមពណ៌លឿង ចំនួន ០២ថង់កិប ទម្ងន់ ១០៦ក្រាម ,​ ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន០២ថង់កិប ទម្ងន់ ១០៨,៤ក្រាម,​ ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ០១ថង់កិប ទម្ងន់ ៦៨,៩ក្រាម,​ ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន០៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម,​ ម្ស៉ៅក្រាមពណ៌ស ចំនួន ០៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម,​ កាំភ្លើងខ្លី ចំនួន ០៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ),​ គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់,​ បង់កាំភ្លើង ចំនួន០៥,​ ស្រោមកាំភ្លើង ចំនួន ០២,​ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៣គ្រឿង,​ រថយន្ត ចំនួន ០២គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-8850),​ ម៉ូតូ ចំនួន ០១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លាកលេខប.មានជ័យ1AB-6168),​ ​ទូរស័ព្ទ ចំនួន ០៦គ្រឿង ​រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ​ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

លោកបញ្ជាក់ថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យទាំង ០៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនជាបន្តបន្ទាប់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕