Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៣ ទទួលបាននិទ្ទេសA ៨២នាក់ លើសឆ្នាំមុន៣៣នាក់

បន្ទាយមានជ័យ ៖ លទ្ធផលប្រឡង់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ សម្រាប់ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងជាប់ បាននិទ្ទេសA ចំនួន៨២នាក់ ដែលចំនួននេះជាចំនួនច្រើនលើសឆ្នាំមុន មានតែចំនួន៤៨នាក់ ។

តាមការអោយដឹងពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានប្រកាសលទ្ធផលសម្រាប់ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនជាប់សរុប៤១៤៣នាក់ ស្រី២៥០៥នាក់ គិតជាភាគរយ៦៨.៣៩% លើបេក្ខជនដែលមកប្រឡងសរុប៦០៥៨នាក់ ។

សម្រាប់លទ្ធផលដែលជាប់ខាងលើ មានបេក្ខជនទទួលបាននិទ្ទេសA ចំនួន៨២នាក់ ស្រី៤៣នាក់, និទ្ទេសB មានចំនួន៣៣១នាក់ ស្រី២០៧នាក់, និទ្ទេសC មានចំនួន៦៤៦ ស្រី៤៣៥នាក់, និទ្ទេសD មាន១៤១៨នាក់ស្រី៨៧១នាក់, និទ្ទេសE មាន១៦៦៦នាក់ ស្រី៩៤៩នាក់ ។

លោកបានបញ្ជក់អោយដឹងទៀតថា ឆ្នាំនេះមានបេក្ខជនប្រឡងច្រើនជាងឆ្នាំមុន និងនិទ្ទេសA ក៏ច្រើនជាង ចំនួននាក់ជាប់ក៏ច្រើនជាង សបញ្ជក់អោយឃើញថា វិស័យអប់រំនៅខេត្តបន្ទាយមានជ័យ មានការរីកចំរើនខ្លាំងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល និងការកែទម្រង់របស់ក្រសួងអប់រំ ដែលមានពាក្យថាចេះជាប់ ។

តាមភាពជាក់ស្តែង នៃការប្រកាសលទ្ធផលនេះ ដែលមិនសូវមានបេក្ខជនមកស្តាប់ច្រើនទេ ។ ជាក់ស្តែងការប្រកាសនេះ នៅវិទ្យាល័យហ៊ុន សែន ខ្លាកូន ដែលមានលោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ រួមនឹងខាងមន្ទីរអប់រំ បានអញ្ចើញប្រកាសផ្ទាល់ មានបេក្ខជនជាអ្នកប្រឡងមកតិចតួចទោះបីជា មានបេក្ខជនជាប់និទ្ទេស A ក៏ដោយ ក៏មិនបានមកស្តាប់លទ្ធផល ដែលដោយពួកគាត់អាងលើមើលតាមការប្រកាស តាមបណ្តាញសង្គម របស់ក្រសួងឬមន្ទីរអប់រំ ៕