ក្មេងស្រី៣នាក់ នាំគ្នាទៅរកក្ដាមខ្យងនៅតាមស្រែ បែរជាលង់ទឹកប្រឡាយស្លាប់ទាំង៣នាក់

បន្ទាយមានជ័យ ៖ ក្មេងស្រី៣នាក់ បានលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម ក្រោយនាំគ្នាទៅលេងទឹក និងរកក្តាមខ្យង នៅចំណុចប្រឡាយវាលស្រែស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ។

យោងតាមរបាយការរបស់សមត្ថកិច្ច បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង៣នាក់ រួមមាន ៖  ១.ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ, ២.ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ, ៣.ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំ ទាំង៣នាក់ មានទីលំនៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

តាមការបំភ្លឺរបស់ឈ្មោះ វ៉ាន់ សុត ភេទស្រី អាយុ៦៩ឆ្នាំ  ត្រូវជាយាយជនរងគ្រោះខាងលើ បានឲ្យដឹងថា នៅម៉ោងប្រហែល១៣និង៣០នាទី ចៅៗ បានសុំគាត់ទៅលេងទឹក និងចាប់ក្តាមខ្យង  នៅចំណុចកើតហេតុខាងលើ តែពុំឃើញមកវិញ រហូតដល់ពេលល្ងាចអ្នកភូមិបានប្រាប់ថា ចៅគាត់លង់ទឹកស្លាប់​ហើយ ។​

តាមការបំភ្លឺរបស់ក្មេងស្រីឈ្មោះ ស៊ុម សៅរ៉ី ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតជនរងគ្រោះដែលបានទៅជាមួយ បានរៀបរាប់ថា ពួកគេបានបបួលគ្នាទៅលេងទឹក និងរកក្តាមនៅចំណុចកើតហេតុខាងលើហើយបានរអិលធ្លាក់ទឹកប្រឡាយ ហើយក៏បានទៅជួយគ្នា បណ្តាលអោយលង់ទឹកស្លាប់ទាំង០៣នាក់តែម្តង ៕

CATEGORIES
Share This