ចោរចំណាស់ម្នាក់ ចេញលួចលើកដំបូង មិនបានសម្រេច ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោយធ្វើសកម្មភាព លួចម៉ូតូរបស់ប្រជាពលរដ្ឋមិនបានសម្រេច នៅក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយទទួលបាន បណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ខន ចាន់នី ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី ករណី លួចម៉ូតូ ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ 1X-4771 កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចខាងជើងបូរីហ្គោដឡាក់ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ លីនដា ភេទប្រុស អាយុ៥២ឆ្នាំ យកមកបញ្ជាការដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ។

ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣ និង០០នាទី រូបខ្លួនបានលេងល្បែងចាញ់លុយអស់ ហើយរូបខ្លួនបានអង្គុយមើលគេ ពេលនោះស្រាប់តែឈ្មោះ ជី ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ បានបបួលរូបខ្លួនទៅលួចម៉ូតូ ហើយឈ្មោះ ជី បាននាំរូបខ្លួនទៅក្រៅកាស៊ីណូ និងបានយកទួឡឺវីស ពណ៌ ខៀវ ១ដើម ដង្កាប់ពណ៌ខៀវ១ដើម មកបង្រៀនខ្លួនពីរបៀបកាច់សោករម៉ូតូ រហូតដល់វេលាម៉ោងប្រហែល១៧និង៣០នាទី ថ្ងៃដដែលឈ្មោះ ជី បានដឹករូបខ្លួនទៅកន្លែងមួយដើម្បីចាំមើលម៉ូតូណាចតទុកចោល ខ្លួននឹងធ្វើសកម្មភាពលួចតែម្ដង។ បន្ទាប់មករូបខ្លួនបានលួចកាច់សោករម៉ូតូរបស់ជនរងគ្រោះខាងលើ ដែលចតទុកនៅមុខបន្ទប់ ហើយជិះចេញ តែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះស្រែកឆោឡោ ហើយប្ដឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនតែម្ដង ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕

CATEGORIES
Share This