Connect with us

ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី នៅឃុំរណ្សសិរ ស្រុកសង្គមថ្មី គ្រោងចំណាយថវិកាជិត២០ម៉ឺនដុល្លារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានអញ្ជើញ​ជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ស្ថិតនៅប្រាសាទត្បែងគង ភូមិរលំឡឡែង ​ឃុំរណ្សសិរស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានការអញ្ជើញចូលរួមពីកងកម្លាំង​ទាហាន សមត្ថកិច្ច និងប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា នេះជាគំនិតផ្តួចផ្តើម របស់សម្ដេច​ព្រះមហាសង្ឃរាជ ទេព វង្ស ដែលកសាងដោយឯកឧត្តម និងលោកជំទាវផ្ទាល់ រួមទាំងសប្បុរជន មានជីកស្រះទឹក ធ្វើផ្លូវចូលព្រះវិហារ ដែលត្រូវចំណាយថវិកាទាំងអស់ជិត ២០ម៉ឺនដុល្លារ​សហរដ្ឋអាមេរិក ។

ក្នុងនាមឯកឧត្តមផ្ទាល់ក៏សូមអំពាវនាវចំពោះឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោកលោកស្រី និងសប្បុរសជនជិតឆ្ងាយសូមមេត្តា ចូលរួម​សាមគ្គីកសាង ចាប់មគ្គផល ជួយគ្នាទុកសម្រាប់កូនចៅទៅថ្ងៃមុខ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានលើកឡើងថា ព្រះវិហារថ្មីនេះចាប់ផ្តើមសាងសង់ បន្ទាប់ពីពិធី​បញ្ចុះបឋមសិលា ​ហើយនឹងក្លាយជាទីសក្ការៈបូជារបស់បងប្អូនប្រជាពលរដ្ឋ ​និងទុកជាសម្បត្តិជាតិ និងបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ឃុំរណ្សសិរស្រុកសង្គមថ្មី មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តមបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍរីកចម្រើន ​លុះត្រាតែក្នុង ប្រទេសនោះមាន​សុខ​សន្តិភាព ​ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព​ ប៉ុន្តែបើប្រទេសមិនមានសុខ ​សន្តិភាព ​ប្រជាពលរដ្ឋមិន​មានសិទ្ធសេរីភាពទេ ​ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះ​សុខសន្តិភាពជាកត្តាចម្បង ក្នុងការអភិវឌ្ឍប្រទេស ។

ឯកឧត្តមក៏បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសន្តិភាព ​ដែលមាន​នៅក្នុង​ប្រទេសកម្ពុជាយើងឱ្យ នៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អគនាគត​កូនចៅយើងទំាងអស់គ្នា៕