ឯកឧត្តម សុខ លូ នាំអំណោយជួយដល់គ្រួសារពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៣០០គ្រួសារ នៅស្រុកឯកភ្នំ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ក្រុមគ្រួសាររងគ្រោះដោយសារទឹកជំនន់ចំនួន ៣០០គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវការសួរសុខទុក្ខ និងមានការសោកស្ដាយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ និងធ្វើឱ្យមានការខូចខាតផលដំណាំរបស់ខ្លួន ដោយសារជំនន់ទឹកភ្លៀងនេះផងដែរ ។

ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានណែនាំដល់រដ្ឋបាលស្រុកក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ និងឆ្លើយតបជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវប្រមូលទិន្នន័យនៃការខូចខាតនានា និងផលប៉ះពាល់ទៅលើផលដំណាំដោយសារគ្រោះទឹកជំនន់នេះឱ្យបានច្បាស់លាស់ រួចត្រូវធ្វើការរាយការណ៍ឱ្យបានឆាប់រហ័សមករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តធ្វើការស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្ដល់ជាគ្រាប់ពូជស្រូវ ឬពូជដំណាំ និងជំនួយផ្សេងៗតាមលទ្ធភាពជាក់ស្ដែង សំដៅដើម្បី ស្ដារលទ្ធភាពជីវភាពប្រជាពលរដ្ឋឱ្យបានទាន់ពេលជៀសវាងភាពយឺតយ៉ាវ ៕
ដោយ ៖ សាលី

CATEGORIES
Share This