Connect with us

ព័ត៌មានជាតិ

ភូមិដែលមានក្បាលដីច្រើនជាងគេ ក្នុងប្រទេសកម្ពជា គឺភូមិផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍ ក្នុងពិធីបិទផ្សាយជាសារធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃើញថា ភូមិនេះ មានក្បាលដីរហូតដល់ទៅ ១២,២៤៩ក្បាលដី គឺ ជាចំនួនច្រើនជាងគេក្នុងចំណោមភូមិទាំងអស់ របស់ប្រទេសកម្ពជា ។

ពិធីនេះធ្វើឡើងកាលពីទី២៦ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណផ្សារហ៊ុយគា ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់ ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពរដ្ឋ ជាច្រើននាក់ទៀត ។

លោក អាង ណារិទ្ធ បានលើកឡើងថា ពិធីបិទផ្សាយជាសារធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មាន៥ដំណាក់កាល គឺ ៖
១.ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។ ២.ប្រតិបត្តិការបច្ចេកទេសគឺជាការចុះកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ។ ៣.បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង ។ ៤.សម្រេចលើឯកសារវិនិច្ឆ័យរបាយណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ ។ ៥.ចុះបញ្ជីចេញប័ណ្ណ និងចែកបានជូនម្ចាស់ដី ។

ជាមួយគ្នានោះលោក អាង ណារិទ្ធ បានធ្វើការអំពាវនាវ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនាពេលនេះ ពេលត្រឡប់ទៅមូលដ្ឋានវិញ សូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឲ្យប្រជាពលរដ្ឋដទៃទៀតបានដឹង និងពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ដែលក្រុមការងារចុះបញ្ជីរដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីរដែលបានអនុវត្តតាមនីតិវិធី អោយបានគ្រប់ៗគ្នា ៕