Connect with us

ព័ត៌មានជាតិ

សិក្ខាកាម​ មកពីមន្ទីរកិច្ចការនារី ៩ខេត្ត​ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការងារគ្រប់គ្រងរដ្ឋបាល”

បន្ទាយមានជ័យ​ ៖​ មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ​ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការងារគ្រប់គ្រងរដ្ឋបាល” ដោយមានសិក្ខាកាម មកពីមន្ទីរកិច្ចការនារី ៩ខេត្ត​ ចូលរួមទទួលវគ្គបណ្តុះបណ្តាលនេះ ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោមការចូលរួមបើកវគ្គបណ្ដុះបណ្ដាល ពីសំណាក់លោកជំទាវ​ ឃឹម​ ចំរេីន​ រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី​ និងលោកស្រី រស់ សុផានី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ក្រុមការងារក្រសួងកិច្ចការនារី លោក-លោកស្រី​មន្ទីរកិច្ចការនារីខេត្តទាំង៩ខេត្ត​ ជាសិក្ខាកាមប្រមាណ៥០នាក់ចូលរួមផងដែរ ។

លោកស្រី​ រស់​ សុផានី​ បានសម្តែងនូវក្តី សោមនស្ស រីករាយយ៉ាងក្រៃលេង​ ដែលសិក្ខាកាមទាំង ៩ខេត្ត រួមមាន ៖ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកែប និងខេត្តកំពត​បានទទួលនាឱកាសនេះ ។ លោកស្រី ក៏បានជម្រាបជូនពីភូមិសាស្រ្តខេត្តបន្ទាយមានជ័យដែល​ ជាខេត្តមួយនៅភាគពាយព្យនៃប្រទេសកម្ពុជា​ ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ​ ដែលមានក្រុងចំនួន២​ និងស្រុកចំនួន៧​ និងមានច្រកព្រំដែនអន្តរជាតិ០២ មាន អន្តរជាតិប៉ោយប៉ែត និងច្រកស្ទឹងបត់ ព្រមទាំងមានច្រកទ្វារតំបន់ព្រំដែនមាន០២ ច្រកទ្វារតំបន់ព្រំដែន បឹងត្រកួន និងច្រក ទ្វារ តំបន់ព្រំដែនម៉ាឡៃ។

ជាមួយគ្នានេះលោកជំទាវ​ ឃឹម​ ចំរេីន​ រដ្ឋលេខាធិការក្រសួងកិច្ចការនារី​ មានប្រសាសន៍ថា​ វគ្គបណ្ដុះបណ្ដាលរយៈពេល៣ថ្ងៃនេះ ពិតជាមានសារៈសំខានណាស់​ ហើយសិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងស្ដីពី ការងារគ្រប់គ្រងរដ្ឋបាលបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រីទទួលបន្ទុកគ្រប់គ្រងរដ្ឋបាលលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ស្ថាប័ន នៃមន្ទីរកិច្ចការនារីរាជធានី-ខេត្ត ស្របតាមបរិបទនៃបច្ចេកវិទ្យាឌីជីថលទៅលើប្រព័ន្ធតាមដាន និងគ្រប់គ្រងមន្រ្ដីរាជការ ដោយផ្អែកតាមច្បាប់ គោលនយោបាយ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ពិសេសច្បាប់សហលក្ខន្តិកៈ មន្ដ្រីរាជការស៊ីវិល និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៩-២០៣០ ៕