Connect with us

ព័ត៌មានជាតិ

សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយពី ចលនាកាកបាទក្រហម ជូនដល់និស្សិតសាកលវិទ្យាល័យជាតិមានជ័យ

បន្ទាយមានជ័យ ៖ លោក លី សារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវគ្គផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម  ដល់និស្សិតសាកលវិទ្យាល័យជាតិមានជ័យកាលពីព្រឹកថ្ងៃទី 26 ខែតុលាឆ្នាំ 2023 ។

លោក លី សារី បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺ ជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ។ សម្រាប់ឆ្នាំកន្លងមក ទោះបីជាមានបញ្ហាប្រឈមធំៗ ដូចជាជំងឺ covid 19 ក៏ដោយ ក៏កាកបាទក្រហមកម្ពុជា មិនបង្អែបបង្អង់ មិនបញ្ឈប់សកម្មភាពឡើយ មានតែខិតខំលើកកម្ពស់គុណតម្លៃ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ ចូលរួមជាមួយរាជរដ្ឋាភិបាល ធ្វើគ្រប់យ៉ាងឲ្យស្មារតីនៃការរស់នៅបែបគន្លងថ្មី ក្នុងស្ថានភាពបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសជាតិឡើងវិញ លើគ្រប់វិស័យក្នុងស្មារតីដោះស្រាយការលំបាក លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត ។ កាកបាទក្រហមបានបំផុសកម្លាំងមនុស្សធម៌ ជាពិសេសសប្បុរសជនគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមជាមួយសមាគមជាតិ តាមរយៈយុទ្ធនាការរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ និងពង្រឹងភាពធន់ក្នុងសហគមន៍ ។

លោក លី សារី មានប្រសាសន៍បន្តថា គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជារួមមាន ៖ ១. ភាពមនុស្សធម៌, ២.មិនលំអៀង, ៣. អព្យាក្រឹត្យភាព, ៤. ឯករាជ្យភាព, ៥. សេវាកម្មស្ម័គ្រចិត្ត, ៦. ឯកភាព, និងទី៧ សាកលភាព ៕