ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្តើមអនុវត្តការងារសាកល្បងផលិត និងបិតភ្ជាប់ QR Code ចេញ-ចូលប្រទេស ជូនអ្នកដំណើរ

បន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលបានការបង្ហាត់បង្រៀន ពីរបៀបបញ្ជូន QR Code ចេញ-ចូលតាមប្រព័ន្ធអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី រួចមក នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានចាប់ផ្តើមអនុវត្ត ការងារសាកល្បង ផលិតនិងបិតភ្ជាប់ QR Code លើឯកសារចេញចូលប្រទេស ជូនពលរដ្ឋ និងអ្នកដំណើរចេញចូលប្រទេស ។

ការអនុវត្តនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ឯក​ សុខ​ វាសនា​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៅនឹងទីតាំងអាគារថ្មី ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ការងារបញ្ចូល QR Code ចេញ-ចូលតាមប្រព័ន្ធអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី គឺជា ការងារបន្ថែមលើការងារចាស់ ដើម្បីគ្រប់គ្រងអ្នកដំណើរចេញចូលលក្ខណៈតំបន់ និងទ្វេភាគី និងដើម្បីដឹងពីចំនួន អត្តសញ្ញា និងពេលវេលាចេញចូលរបស់អ្នកដំណើរ ។ ដោយឡែកចំពោះ ការងារប្រថាប់ត្រា និងការងារផ្សេង ៗ គឺ នៅដដែលទាំងអស់ ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរទាំងអស់ មេត្តាចូលរួមសហការជាមួយមន្ត្រជំនាញ ក្នុងការអនុវត្តការងារនេះ ដើម្បីសម្រេចបានជោគជ័យ ព្រោះនេះ ក៏ជា ផ្នែកមួយនៃការងារសន្តិសុខជាតិផងដែរ ៕

CATEGORIES
Share This