Connect with us

ព័ត៌មានជាតិ

ផ្ទុះគ្រាប់មីននៅព្រំដែន បណ្តាលឲ្យស្ត្រីថៃម្នាក់រងរបួស និងយោធាខ្មែរម្នាក់ដែលចូលទៅសង្គ្រោះរងរបួសដូចគ្នា

បន្ទាយមានជ័យ ៖ ស្ត្រីជនជាតិថៃម្នាក់ បានដើរលុកលុយចូលក្នុងព្រៃ ស្វែងរករុក្ខជាតិនានា ជ្រុលចូលមកក្នុងទឹកដីកម្ពុជា ជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ ហើយយោធាខ្មែរចូលទៅសង្គ្រោះ បានជាន់មីនផ្ទុះមួយគ្រាប់ទៀត ផ្ទុះរងរបួសម្នាក់ទៀត ។

ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង១០ និង ៣០ នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នៅត្រង់ចំណុច ចន្លោះបង្គោលព្រំដែនលេខ ៣៩ និង ៣៩ GPS លេខ TA ៦៣១៦១៤២៨៧៩ ក្នុងឃុំគោកល្មៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើតាមការផ្សាយរបស់គេហទំព័ររបស់ប្រទេសថៃ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានស្ត្រីជនជាតិថៃម្នាក់ឈ្មោះ សំរិទ្ធ រួយរីន អាយុ៤៦ឆ្នាំ រស់នៅក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ បានធ្វើដំណើរចូលទៅក្នុងព្រៃ ដើម្បីដើររករុក្ខជាតិនានា ដោយបានចូលមកក្នុងទឹកដីកម្ពុជាប្រមាណ២០០ម៉ែត្រ ។ លុះពេលដើរដល់ចំណុចខាងលើ ក៏បានជាន់ទៅលើគ្រាប់មីន មិនស្គាល់ម៉ាក បណ្តាលអោយដាច់ កជើងឆ្វេងម្ខាង និងរងរបួសពេញផ្ទៃមុខ ។

ប្រភពបន្តថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីកម្លាំងកងរយលេខ ១២០៣ រួចមក កម្លាំងយោធាព្រំដែនលេខ១២ និងកម្លាំងតម្រួតខេត្តស្រះកែវ បានធ្វើការទំនាក់ទំនងមកខាងភាគីកម្ពុជា អោយជួយអន្តរាគមន៍ ។ នៅពេលនោះដែរកម្លាំងយោធាកម្ពុជា ក៏បានធ្វើដំណើរចូលទៅយកស្ត្រីរងគ្រោះដែលជាជនជាតិថៃ ចេញពីក្នុងព្រៃ ក៏បានជាន់មីនផ្ទុះឡើង១គ្រាប់ទៀត បណ្តាលអោយមន្ត្រីយោធាកម្ពុជាម្នាក់រងរបួសពេញផ្ទៃមុខ ទើបធ្វើការដកថយដើម្បីអោយក្រុមសុីម៉ាក់ធ្វើការត្រួសត្រាយផ្លូវជាមុនសិន ។

ភាគីកម្ពុជាដែលរងគ្រោះមានឈ្មោះ សេង ឆន អាយុ៤៩ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះបឋមនៅក្នុងមន្ទីរពេទ្យស្រុកថ្មពួក ក្រោយមកក៏បានបញ្ជូនទៅកានមន្ទីរពេទ្យស្រុកមង្គលបូរីវិញហើយ ចំណែកស្ត្រីថៃក្រោយយកចេញពីព្រៃបាន បានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញប្រាថេត ដើម្បីកាត់ជើង និងព្យាបាល ៕