Connect with us

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជា នាំអំណោយ ចែកជូនពលរដ្ធរងគ្រោះ ដោយខ្យល់កន្រ្តាក់ ៣៩គ្រួសារ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ គ្រួសារពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៩គ្រួសារ ក្នុងភូមិចំនួន០៣ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ចូលរួម សោកស្តាយ ចំពោះផ្ទះសម្បែង ផលដំណាំរបស់បងប្អូនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយកាកបាទក្រហម ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺ ត្រូវតែដោះស្រាយបញ្ហាប្រឈម ដល់បងប្អូនគ្រប់គ្នា ទោះបីជាសម្ភារៈ នេះមិនសមល្មមទៅនឹងការខូចខាតក្ដី តែវាអាចជួយសម្រាលទុក្ខលំបាកផ្នែកជីវភាព បានមួយគ្រាផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា វិស័យស្នូលទីមួយ របស់កាកបាទក្រហមកម្ពុជា គឺការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ដូចនេះក្នុងនាមជាស្ថាប័នមនុស្សធម៌ឈានមុខគេ នៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធដែលបានធ្វើប្រតិបត្តិការឆ្លើយតបយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការផ្តល់នូវជំនួយមនុស្សធម៌ជូនដល់បងប្អូនជនរងគ្រោះ និងឲ្យស្របតាមទិសស្លោកទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្រប់គ្នា ដោយពុំទុកនរណាម្នាក់ចោលនិងស្លាប់ដោយអត់អាហារនោះឡើយ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលត្រូវបានផ្តល់ជូនដល់ជូនពលរដ្ឋ ទាំង៣៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មីជាតិ ១កេស, ទឹកត្រីមួយយួរ, មុង១, ភួយ១, សារុងមួយ, ក្រមាមួយ, ថង់ប្លាស្ទិកមួយផ្ទាំង សម្រាប់គ្រួសារខូចខាតធ្ងន់ និងថវិកាមួយចំនួន៕