Connect with us

ព័ត៌មានជាតិ

លោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំង ចុះពិនិត្យ និងកំទិចចោលរណ្តៅរ៉ែមាសខុសច្បាប់ ៤កន្លែង

ព្រះវិហារ ៖ ទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ចំនួន០៤កន្លែង ដែលលួចលាក់រុករករ៉ែមាសខុសច្បាប់ នៅចំណុចភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានក្រុមចម្រុះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ចុះពិនិត្យមើល និងកំទិញចោល រឹបអូសបានសម្ភារៈមួយចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ។

លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បានអោយដឹងថា យោងតាមការណែនាំនិងការចង្អុរបង្ហាញរបស់ ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ បានអោយមន្ទីរជំនាញសហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងជីកយករ៉ែមាសដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី១ ខែមេសា  ឆ្នាំ២០២៤ ដោយដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ សហការជាមួយកងកម្លាំងអាវុធហត្ថស្រុករវៀង បានចុះទៅ
ត្រួតពិនិត្យមើលការជីកយករ៉ែមាសដោយខុសច្បាប់ នៅចំណុចខាងលើ ជាលទ្ឋផលរកឃើញរណ្តៅរ៉ែមាសចំនួន៤រណ្តៅ ត្រូវបានយកគ្រឿងចក្រកាយកំទិចចោល
និងរឹបអូសសម្ភារៈរួមមានដូចជា ៖ ម៉ូតូចំនួន៦គ្រឿង ម៉ាសុីនខ្យល់ មួយគ្រឿង ដឹកយកមករក្សាទុកនៅមន្ទីរ
រ៉ែខេត្តព្រះវិហារ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ។

លោក ស៊ុន ចន្ទ័រក្សា បានបន្តអោយដឹងថា កន្លងមក មន្ទីរជំនាញសហការជាមួយអាជ្ញាធរស្រុករវៀង តែងតែចុះផ្សព្វផ្សាយ ហាមប្រាមបងប្អូនប្រជាពលរដ្ឋ កុំអោយនាំគ្នាជីករ៉ែមាសដែលមានរណ្តៅជ្រៅៗ នាំអោយមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូន បើជីកយករ៉ែមាសត្រឹមរណ្តៅរាក់ ឬបាញ់ឈីត អាជ្ញាធរនិងមន្ទីរជំនាញមិនហាមឃាត់ទេ ពីព្រោះជាឆ្នាំងបាយរបស់បងប្អូន គេសង្កេតឃើញថា រណ្តៅរ៉ែមាសខ្លះមានជំរៅរហូតដល់ទៅ ៥០ ឬ១០០ម៉ែត្រ ក៏មាន រណ្តៅជ្រៅៗបែបនេះ នាំអោយមានគ្រោះថ្នាក់ដល់បាត់បង់ជីវិត របស់បងប្អូន មន្ទីរជំនាញ និងអាជ្ញាធរត្រូវតែធ្វើការហាមឃាត់ ក្នុងន័យការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋតែប៉ុណ្ណោះ៕
ដោយ ៖ រ៉ាស៊ី