អតីតយុទ្ធជនមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងស្រុកសង្កែ

377

ខេត្តបាត់ដំបង! អតីតយុទ្ធជនដែលមានជីវភាពខ្វះខាតសរុបចំនួន ២០គ្រួសារ រស់នៅឃុំវត្តតាមិម ស្រុកសង្កែ នៃខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ពីរដ្ឋបាលស្រុក និងសប្បុរសជនដែលរស់នៅក្នុងស្រុកសង្កែ។

ក្នុងឱកាសជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារអតីតយុទ្ធជននាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣នេះដែរ លោកស្រី មូរ សំប៊ូន អភិបាលរងស្រុក តំណាងអោយលោក យុត សុភ័ណ្ឌ និងលោកស្រី ម៉ាក យ៉ារិន ហៅស្មី ព្រមទាំងបុត្រាបុត្រី ដែលជាសប្បុរសជនមកពីស្រុកសង្កែ បានសម្តែងការសប្បាយរីករាយុយ៉ាងខ្លាំងដែលបានមកចូលរួមកម្មវិធីចែកអំណោយដល់ អ៊ុ ពូ មីង ដែលជាអតីតយុទ្ធជននៅក្នុងឃុំវត្តតាមិម ដែលមានជីវភាពខ្វះខាត។

ក្នុងនាមអោយអភិបាលស្រុក លោកស្រី បានពាំនាំសាកសួរសុខទុក្ខដល់បងប្អូនគ្រួសារអតីតយុទ្ធជនទាំងអស់ដែលបានមកទទួលអំណោយនាពេលនេះថាតើបងប្អូនបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសហើយឬនៅ តែបើមិនទាន់បានចាក់ សូមបន្តទៅចាក់បន្ថែមទៀត ព្រោះជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងទេ ហើយក៏សូមបន្តអនុវត្តបីកុំ បីការពារ និងសូមអំពាវនាវអោយបងប្អូនណាដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានហើយហួសសុពលភាព សូមអញ្ជើញទៅជួបប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីអោយគាត់ថតធ្វើថ្មី ព្រោះវាមានសារៈសំខាន់សម្រាប់បម្រើការអោយការបោះឆ្នោត។

បន្ថែមពីនេះដែរ លោកស្រី ម៉ាក យ៉ារិន ហៅស្មី ដែលជាសប្បុរសជន ក៏បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមគ្រួសារលោកស្រីបានចំណាយនូវថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់ពលរដ្ឋ គ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ពិសេសជនចាស់ជរាដែលកំពុងជួបការលំបាក ហើយបើទោះបីជាអំណោយវាមានតិចតួចក៏ពិតមែន តែវាអាចជួយសម្រាលដល់បងប្អូនបានមួយគ្រាផងដែរ។

ជាកិច្ចឆ្លើយតបប្រជាពលរដ្ឋទាំងអស់បាន សម្តែងការសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសាររបស់លោកស្រីដែលតែងតែចំណាយពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីទិញនូវគ្រឿងឧបភោគបរិភោគចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសគ្រួសារអតីតយុទ្ធជចាស់ជរាដែលជួបការលំបាកខ្វះខាតនាពេលនេះ ក៏ដូចរយះពេលកន្លងមក និងសូមជូនពរអោយក្រុមគ្រួសារលោកស្រីទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចំរើន និងសុខភាពល្អ ដើម្បីបន្តនាំយកអំណោយចែកជូនដល់ពលរដ្ឋជាបន្តទៀត។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន ក្នុងមួយគ្រួសារទទួលបាន -អង្ក ២៥គីឡូក្រាម (ជាអំណោយរបស់រដ្ឋបាលស្រុកសង្កែ និង,សារ៉ុង , ប៊ីចេង , ,ស្ករ ,ខ្ទឹម ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,សាប៊ូ ,ត្រីខ ,ខ្លាញ់ ,មី ,និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ (ដែលជាអំណោយរបស់លោក យុត សុភ័ណ្ឌ និងលោកស្រី ម៉ាក យ៉ារិន ហៅស្មី ព្រមទាំងបុត្រាបុត្រី (ជាសប្បុរសជន)។