Connect with us

ព័ត៌មានអន្តរជាតិ

ចិននិង​កោះ​តៃវ៉ាន់ កំពុង​មានភាព​តានតឹង ​​អាមេរិក​បើក​នាវា​ផ្ទុក​យន្តហោះ​ចូល​សមុទ្រ​ចិន​ខាងត្បូង ​​

អាមេរិក៖ នាវា​ផ្ទុក​យន្តហោះ​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​បាន​ចូល​សមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​ចាប់​ផ្តើម​ប្រតិបត្តិការ​ស្រប​ពេល​មាន​ភាព​តាន​តឹង​​កាន់តែខ្លាំង​ឡើង​រវាង​ចិន និង​កោះ​តៃវ៉ាន់​។

សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​ បាន​ឱ្យដឹងថា ក្រុម​នាវា​ផ្ទុក​យន្តហោះ ចម្បាំងរបស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ Carl Vinson និង Abraham Lincoln នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​ដែលមាន​គោលបំណង​ពង្រឹង​ប្រតិបត្តិ​ការ រួមបញ្ចូល​គ្នា​នៅ​សមុទ្រ ​និង​ការត្រៀមខ្លួន​ប្រយុទ្ធ​។​

ឧ​ត្ត​មនា​វី​អាមេរិក​លោក Dan Martin មេបញ្ជាការ​ក្រុម​នាវា​ពិឃាត​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson បាន​និយាយ​នៅ​ក្នុង​សេច​ក្ដី​ថ្លែងការណ៍​ថា​ សមត្ថភាព​របស់​យើង​ក្នុង​ការ​ប្រមូលផ្តុំ និង​ធ្វើ​ការជា​សមូហភាព​យ៉ាង​ឆាប់រហ័ស​ជាមួយ​នឹង​ក្រុម​នាវា​ពិឃាត CSG 3 បង្ហាញ​ពី​សមត្ថភាពរបស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ ក្នុងការ​បញ្ជូន​កម្លាំង​ដែនសមុទ្រ​ដ៏​ច្រើន​លើស​លប់នៅពេលដែល​ត្រូវបាន​អំពាវ​នាវ​ ឱ្យ​គាំទ្រ​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។

មេបញ្ជាការ​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ទទួលបន្ទុក​ភាគ​ខាងត្បូង បាន​និយាយថា ខ្លួន​បាន​ព្រមាន​នាវាចម្បាំង​របស់​សហរដ្ឋ​អាមេរិក​ នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

សេចក្តីប្រកាស​ពី​កងទ័ពជើងទឹក​បាន​កើត​ឡើង​ ចំ​ថ្ងៃ​ដែល​កោះ​តៃវ៉ាន់​បាន​រាយការណ៍​ពី​យន្តហោះ​ចិន​ចំនួន ៣៩គ្រឿង, យន្តហោះ​ចម្បាំង ៣៤គ្រឿង, យន្តហោះ​ចម្បាំង​អេឡិចត្រូនិក​ចំនួន ៤គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ ១គ្រឿង​ហោះហើរ​នៅ​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែន​អាកាស​រប​ស់​ខ្លួន ដែល​ជា​ការ​លុកលុយ​ដ៏​ធំ​បំផុត​របស់​កងកម្លាំង​អាកាស​របស់​ចិន ​នៅក្នុងតំបន់​នោះចាប់តាំងពី​ខែតុលា​៕