Connect with us

សុខភាព

មន្ដ្រីជំនាញ​រកឃើញ​សារធាតុគីមី ក្នុងគ្រឿងសមុទ្រពីក្រុមឈ្មួញលក់នៅតាមផ្លូវត្រឡោកបែក

ភ្នំពេញ៖ មន្ដ្រីជំនាញចុះពិនិត្យរកឃើញគ្រឿងសមុទ្រដែលតាំងលក់ នៅតាមបណ្តោយផ្លូវត្រឡោកបែក មានផ្ទុកសារធាតុគីមីហាមឃាត់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកបរិភោគ ចំនួន៦៨គីឡូក្រាម។

ប្រតិបត្តិការចុះពិនិត្យនេះ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និងបង្រ្កាបការក្លែងបន្លំ «..» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយ​មន្ទីរពាណិជ្ជកម្ម​រាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋានបានប្រតិបត្តិការចុះត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ ផលិត​ផលប្រើប្រាស់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ លក់ដូរគ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវត្រឡោកបែក ​និងអូរបែកក្អម​ ដើម្បីចៀសវាងការខាតបង់ផលប្រយោជន៍ និងអាចប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។

មន្ដ្រីជំនាញ ដែលចុះពិនិត្យផ្ទាល់ បានឲ្យដឹងថា៖ «ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានស្រង់យកគំរូបានចំនួន ៤៨ មក​វិភាគ​នៅរថយន្តពិសោធន៍។ ជាលទ្ធផលបានរកឃើញមានវត្តមានសារធាតុគីមីហាមឃាត់ចំនួន ៣គំរូ ជាប្រភេទមឹកបកធំ​ ត្រូវបានដកហូតចំនួន ៦៨គីឡូក្រាម និងទំនិញខូចគុណភាពហួស​កាល​បរិច្ឆេទចំនួន ៩គីឡូក្រាមជាមួយវិធានពិន័យអន្តរការណ៍»

យ៉ាងណាក៏ដោយ មន្ដ្រីជំនាញ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ​ ក៏ដូចជាអាជីវករ ចូលរួម​សហការផ្តល់ព័ត៌មាន​ ក្នុងករណីមានការ​សង្ស័យ​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​គុណភាព​ សុវត្ថិភាព ទំនិញ និងសេវាកម្ម​ជាដើមនោះ៕