Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ មានក្រុមចុះបញ្ជីដីធ្លី ១៨៥រូបទូទាំងខេត្ត ខណៈក្បាលដីមិនទាន់ចុះបញ្ជីប៉ាន់ស្មានប្រមាណ ៣២,៥០០០ក្បាលដី

បន្ទាយមានជ័យ ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនក្រុមការងារកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមចុះបញ្ជីដីធ្លីមានចំនួនសរុប ៩ក្រុម មានមន្ត្រីសរុបចំនួន ១៨៥រូប ខណៈក្បាលដីមិនទាន់ចុះបញ្ជីប៉ាន់ស្មាន ៣២,៥០០០ក្បាលដី ៣៣៩ភូមិ ៤១ឃុំ/សង្កាត់ ០៩ក្រុង/ស្រុក ។

លោកបានអោយដឹងទៀតថា សម្រាប់លទ្ធផលសម្រេចបានគិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រួមមាន ៖
១-ប្រមូលទិន្នន័យ ៣៤៨,៧៨៣ក្បាលដី, ២-បិទផ្សាយ ៣២៣,៩៩៥ក្បាលដី កំពុងបិទផ្សាយ៦៨៦០ក្បាលដី  នឹងមិនទាន់បិទផ្សាយ ១៧,៩២៨ក្បាលដី, ៣-ចេញបណ្ណ ២៧៩,០០១បណ្ណ នឹង មិនទាន់ចេញបាន ២៦,៥៨១បណ្ណ, ៤-ចែកបណ្ណ ២៥២,៤២០បណ្ណ ។ សម្រាបក្រុមចុះបញ្ជីនៅស្រុកទាំង៩ មានមន្ត្រីសរុប ១៨៥នាក់ គឺ មន្ត្រី ដនសស ខេត្ត២៤ នាក់ មន្ត្រីដនសភ.ស្រុក២៦នាក់ មន្ត្រីកិច្ចសន្យាដើម្បីនាក់និស្សិត ៣០៩នាក់ និងសសយកក្រុង/ស្រុក ៨៣នាក់ ។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធោបតីភាពឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីឯកឧត្តម សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត លោក លី សារី អភិបាលរងខេត្ត ព្រមទាំងគ្រូបង្គោលនិងក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន៩ក្រុម ចំនួន១៨៥នាក់ ។

លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ជំរុញ និងរំលឹកទៅដល់មន្ត្រីរៀបចំដែនដីខេត្ត ក្រុង ស្រុក ត្រូវបន្តសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ពង្រឹងការងារដោះស្រាយដីធ្លី ក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត និងឆាប់រហ័សដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ នៃរដ្ឋសភានេះ ដែលមានសម្ដេចមហាបបវរអធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានដាក់អនុសាសន៍បញ្ចកោណដំណាក់កាលទី១ ក្នុងនោះបានធ្វើកំណែទម្រង់ដីធ្លី និងនគររូបនីយកម្មឲ្យកាន់តែស៊ីជម្រៅ និងការបង្កើតអោយមាននៅគោលនយោបាយដីធ្លី។ជាពិសេស ការដាក់ចេញនូវយន្តការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ សំដៅធ្វើយ៉ាងណារកយុត្តិធម៌ជូនប្រជាពលរដ្ឋដោយតម្លាភាព ។ ប្រធានបទដែលត្រូវបណ្តុះបណ្តាលរួមមាន ៖ ១-ក្រុមសីលធម៌វិជ្ជាជីវៈនិងការរៀបចំផែនការការងារ, ២-ការផ្សព្វផ្សាយជាសាធារណៈនៅការចូលរួមពីសហគមន៍និងការរៀបចំដែនដី, ៣-ការកំណត់ព្រំនិងការវាស់វែង, ៤-ការងារវិនិច្ឆ័យ, ៥-ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ(GPS) និងប្រពន្ធគ្រប់គ្រងទិន្នន័យ(Database) ៕