Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូពេលយប់ខ្វះការប្រុងប្រយ័ត្នជ្រុលបុកកន្ទុយគោយន្តកន្ត្រៃបណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់០២នាក់

បាត់ដំបង៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ភ្លាមៗនិងមនុស្សស្រី០២នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍ជិះម៉ូតូទៅបុកកន្ទុយរ៉ឺម៉កគោយន្តកន្ត្រៃនៅវេលាម៉ោង ២០និង២៥នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិថ្មី ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃមួយគ្រឿងបើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូម៉ាកហុងដាភីស៊ីអុិច ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AQ-9270 បើកបរដោយឈ្មោះ រុន ខេម៉ា ភេទប្រុស អាយុ២៧ឆ្នាំ និងអ្នករួមដំណើរជាមនុស្សស្រីពីរនាក់បើកបរក្នុងទិសដៅស្របគ្នាដោយយប់ងងិតផងនោះក៏ជ្រុលទៅបុកកន្ទុយរ៉ឺម៉កគោយន្តកន្ត្រៃពេញទំហឹងបណ្តាលអោយអ្នកបើកបរស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើរទាំងពីរនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះសម្រាកព្យាបាលនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុ ប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយទាំងពីរត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឬស្សីដើម្បីចាត់ការតាមនីតិវិធី ។