Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួន០៤

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី០៦ ខែកក្ក​ដា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិ​បាលខេត្តបាត់ដំបង បានប្រគល់ឧបករណ៍ប្រើប្រាស់សម្រាប់ពន្លត់អគ្គិភ័យ និងរថយន្តគិលានសង្រ្គោះជូនដល់អង្គភាពចំនួន០៤ រួមមាន ៖ អង្គភាពស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង, អង្គភាពកងរាជអាវុធហត្ថខេត្តបាត់ដំបង, មណ្ឌលស្តារនីតិសម្បទានិងបន្សាបគ្រឿងញៀន កែ ស៊ីនួន ។

រថយន្តសង្រ្គោះ និងសម្ភារៈបរិក្ខាបម្រើ ឱ្យការងារសង្រ្គោះ ដែលប្រគល់នាពេលនេះ គឺជា អំណោយដ៏ថ្លៃថ្លារបស់រដ្ឋបាលទីក្រុងសេជុង នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) និងខេត្ត​ អិហិមិ​ នៃប្រទេសជប៉ុន​ ផ្តល់ជូនរដ្ឋបាលខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលខេត្តទាំងពីរនេះ បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា ដែលកន្លងទៅក៏ធ្លាប់បានផ្តល់ជូននូវរថយន្តសង្រ្គោះវរថយន្តពន្លត់អគ្គិភ័យ ព្រម​ទាំងសម្ភារៈបរិក្ខាមួយចំនួនទៀត​ ដើម្បីពង្រឹងដល់ចំណងមិត្តភាព នៃទីក្រុងសេជុង -ខេត្តអិហិមិ​  ជា​មួយរដ្ឋបាលខេត្តបាត់ដំបង។

ក្នុងនោះ អង្គភាពសាម៉ីបានបញ្ជាក់ថា ការទទួលបាននូវមធ្យោបាយសង្រ្គោះបន្ថែមទៀតនៅពេលនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ ក្នុងកិច្ចការជួយសង្រ្គោះចំពោះប្រជាពលរដ្ឋទូទៅ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ គ្រោះ​ថ្នាក់សង្គមផ្សេងៗ និងមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលចាំបាច់ ត្រូវទទួលបាននូវសេវាសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ដើម្បីធានាដល់អាយុជីវិតរបស់ជនរងគ្រោះដោយមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់ ។

សូមជម្រាបជូនថា នៅក្នុងរថយន្តសង្រ្គោះទាំងនេះ គឺសុទ្ធតែបានបំពាក់ទៅដោយឧបករណ៍សម្ភារៈសំខាន់ៗ ធានាបានក្នុងការជួយសង្រ្គោះបឋមក្នុងពេលដែលកំពុងដឹកនាំជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ឬមណ្ឌ​លសុខភាពដែលនៅជិតទីកន្លែងណាមួយនោះ ៕
ដោយ ៖ សាលី