Connect with us

ព័ត៌មានជាតិ

ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកសម្ពោធផ្លូវខេត្ត ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រះសីហនុ៖ នៅ​ថ្ងៃទី២២ខែធ្នូឆ្នាំ២០២២ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បើក​សម្ពោធផ្លូវខេត្ត ​ដែល​តភ្ជាប់​ពីស្រុកព្រៃនប់​ ឆ្លង​កាត់​ស្រុក​ស្ទឹងហាវ ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការ។ នេះ​បើ​យោងតាម​ផេក​របស់​ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន ចេញ​ផ្សាយ​នៅថ្ងៃទី២១ ខែធ្នូនេះ។

ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ដែលតភ្ជាប់ពីស្រុកព្រៃនប់ ឆ្លងកាត់ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន​ប្រវែងសរុបប្រមាណ ៤៣,០២គីឡូម៉ែត្រ ​ក្នុងនោះ ផ្លូវលេខ១៤៦B ឬវិថីសុវត្ថិភាព​សម្តេចព្រះសង្ឃរាជ ទេព វង្ស មានប្រវែងប្រមាណ ២០,៦៧គីឡូម៉ែត្រ គិតចាប់ពីចំណុចបំបែក​ផ្លូវជាតិ​លេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ​ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ​ស្រុកព្រៃនប់ រហូតដល់ភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដែលត្រូវបានស្ថាបនាដោយក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។

ចំណែកឯផ្លូវខេត្តលេខ១៤៨ ឬតីរវិថីសម្តេចតេជោ ហ៊ុន សែន ​មានប្រវែងប្រមាណ ២២,៣៤​គីឡូម៉ែត្រ បន្តពីស្រុកស្ទឹងហាវ រហូតដល់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ​ត្រង់គីឡូម៉ែត្រលេខ ២២៥+៥៥០​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ​ដែលត្រូវបានស្ថាបនា​ដោយក្រាលបេតុងសសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវ ១១ម៉ែត្រ។ក្នុងគម្រោងតភ្ជាប់ផ្លូវទាំងពីរខ្សែនេះក៏មានសាងសង់សំណង់សិល្បការ្យផ្សេងៗដូចជា សាងសង់ស្ពានថ្មីចំនួន ០១កន្លែង​ និងពង្រីកស្ពានចាស់ចំនួន ១៧កន្លែង ព្រមទាំង​ដាក់​លូគ្រប់ប្រភេទចំនួន ១៦១កន្លែងផងដែរ។

តាមរយៈការខិតខំរបស់រាជរដ្ឋាភិបាល ផ្លូវខេត្តទាំងពីរខ្សែនេះ នឹងដើរតួនាទីសំខាន់​ក្នុងការជំរុញ​កំណើនសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ការតភ្ជាប់​ខេត្តភាគ​និរតីនេះ ឱ្យកាន់តែមានភាព​ប្រទាក់ក្រឡាគ្នា និងកាន់តែងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ​គ្រប់​ប្រភេទ ឆ្ពោះទៅតំបន់ឧស្សាហកម្ម រោងចក្រ​ តំបន់សេដ្ឋកិច្ចពិសេស ​កំពង់ផែស្ទឹងហាវ និង​កំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។

សូមជម្រាបថា គម្រោងស្ថាបនាផ្លូវខេត្តលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ បានបើកការដ្ឋាន​សាងសង់កាលពីអំឡុងខែមេសា ឆ្នាំ២០២០ ​និងបញ្ចប់ជាស្ថាពរនៅអំឡុងខែសីហា ឆ្នាំ២០២២ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៨ខែ ​សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ​និងត្រួតពិនិត្យបច្ចេកទេស​ដោយក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន ​ដោយបានចំណាយថវិកាសាងសង់ប្រមាណជាង​ ៧៦លានដុល្លារអាមេរិក ជា​ប្រភពថវិកាសន្សំរបស់រាជរដ្ឋាភិបាល ​នៃព្រះរាជាណាចក្រកម្ពុជា៕