Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទគាស់ទំលុះទំលាយលួចយកទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនរា បានចុះស្រាវជ្រាវសស៊ើបអង្កេតរហូតបង្ក្រាបនាំខ្លួនបានជនសង្ស័យ០១នាក់ជាប់ពាក់ព័ន្ធក្នុងករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់សោរចូលលួចទ្រព្យសម្បត្តិ) ។

លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង០៧និង០០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបាននាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ការីម រ៉ូហ្សាក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

លោកអធិការបានបញ្ជាក់ថា ជនសង្ស័យខាងលើកាលពីចន្លោះម៉ោង១៧ និង០០នាទីដល់វេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១០ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង រូបគេបានធ្វើសកម្មភាពគាស់សោរចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ហេង លីគីម ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅក្រុមទី០២ ភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបាត់បង់ទ្រព្យសម្បត្តិរួមមាន ម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង និងខ្សែរភ្លើងចំនួន០១ដុំ។

ក្រោយពេលទទួលបណ្តឹងរួចកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែបានចុះស្រាវជ្រាវអង្កេតរហូតបង្ក្រាបនាំខ្លួនជនសង្ស័យខាងលើ និងដកហូតម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿង បន្ទាប់មកក៏បានកសាងសំណុំរឿងដើម្បីបញ្ជូនចាត់ការតាមនីតិវិធីច្បាប់។