Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ ចំណូលគយចូលជាតិ ក្នុងមួយថ្ងៃជាង ១លានដុល្លា តាមច្រកទ្វារព្រំដែនផ្លូវការ

បន្ទាយមានជ័យ ៖ ខេត្តជាប់ព្រំដែនប្រទេសថៃ គឺ ខេត្តបន្ទាយមានជ័យ ក្នុងមួយថ្ងៃចំណូលគយ រកចូលជាតិ ពីទំនិញចេញ-ចូល តាមច្រកទ្វារព្រំដែនផ្លូវការវនៃខេត្តនេះ បានជាង១លានដុល្លា ។

នេះបើតាមលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដែលបានលើកឡើង ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ»។

លោក អ៊ុំ រាត្រី បានថ្លែងថា «យើងខិតខំកៀរគរ ដើម្បីទប់ស្កាត់ច្រករបៀងអោយចូលមកច្រកផ្លូវការ រួមគ្នាបង់ពន្ធជូនរដ្ឋ ដែលគិតជាមធ្យម ១លានដុល្លា ទៅ១លានកន្លះ ក្នុងមួយថ្ងៃ» ។ តាមរយៈអ្វីដែលខេត្តបន្ទាយមានជ័យ សម្រេចបាននេះ ក៏បានបង្ហាញនូវមោទនភាពផងដែរ ជាពិសេសការរកចំណូលជូនជាតិ ជាមួយសមត្ថកិច្ចគយ និងទប់ស្កាត់ការនាំទំនិញតាមច្រករបៀបដោយខុសច្បាប់ ដែលនាំឲ្យបាត់ចំណូលជូនជាតិ ។

លោក អ៊ុំ រាត្រី ក៏បានបញ្ជាក់អំពីការប្រមូលចំណូល ពន្ធដារបន្ថែមពីចំណូលគយ ដោយក្នុងមួយឆ្នាំៗ ចំណូលពីពន្ធដារ មិនដែលថយនោះទេ ។ ជាក់ស្ដែង ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ចំណូលពន្ធដារក្នុងខេត្ត មានចំនួន២៥ពាន់លានរៀល ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ដល់អាជីវករ វិនិយោគិន ដែលចូលរួមគោរពច្បាប់ និងបង់ពន្ធ ហើយក្នុងករណីប្រជាពលរដ្ឋ និងវិនិយោគិនមិនបានចូលរួមចំណែកទេនោះ ខេត្តបន្ទាយមានជ័យ មិនអាចរកចំណូលបានដូចពេលនេះឡើយ ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស មានចម្ងាយ៣៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាខេត្តមានព្រំប្រទល់ជាប់នឹងព្រះរាជាណាចក្រថៃ លាតសន្ធឹងប្រវែង១៥៣គីឡូម៉ែត្រ ជាប់នឹងខេត្តស្រះកែវ និងខេត្តបូរីរ៉ាំ ប្រទេថៃ មានច្រកទ្វារអន្តរជាតិចំនួន០២គឺ ច្រកអន្តរជាតិប៉ោយប៉ែត និងច្រកស្ទឹងបត់ និងច្រកតំបន់ចំនួន០២ គឺ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ និងច្រកបឹងត្រកួន ដែលច្រកទាំងអស់នេះ ជាកត្តាអំណោយផល ដល់ការដោះដូរ-ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញ-ចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ ។ ទំនិញនាំចេញពីខេត្តបន្ទាយមានជ័យ ទៅប្រទេសថៃភាគច្រើនជាប្រភេទកសិផល ដូចជា ដំឡូងមី,ម្ទេសក្រៀម, អំពៅ,ពោតក្រហម, ស្វាយចន្ទី, ស្រូវជាដើម ៕