Connect with us

ព័ត៌មានជាតិ

ពលករខ្មែរជាង ៤០០នាក់ទៀតហើយត្រូវទាហានថៃចាប់បញ្ជូនមកកាន់ស្រុកកំណើត

ខេត្តបាត់ដំបង៖ ពលករខ្មែរប្រុសស្រីជាង ៤០០នាក់ទៀតហើយត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកអោយអាជ្ញាធរកម្ពុជាវិញ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ជាក់ស្តែងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ
លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីសាកសួរកត់ឈ្មោះរួចឃើញថា ពលករខ្មែរដែលទទួលត្រឡប់មកស្រុកកំណើតនាព្រឹកនេះសរុបមានចំនួន ៤៥៥នាក់ ក្នុងនោះ ស្រី ១៨៦នាក់ និងក្មេង៥៤នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័ស ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់ ដោយឡែកពលករចំនួន ១២នាក់ ស្រី០៣នាក់ កុមា០១នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ហើយចំពោះពលករដែលទទួលបានកាតចាក់វ៉ាក់សាំងត្រឹមត្រូវចំនួន ៤៤៣នាក់ ស្រី១៨៣នាក់ ក្មេង៥៤នាក់ ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន២១នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារ ការឆ្លងជំងឺកូវី-១៩ រួចអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។