Connect with us

ព័ត៌មានជាតិ

អភិបាលក្រុងបាត់ដំបង មានចក្ខុវិស័យបី សម្រាប់ទាញយកភ្ញៀវទេសចរណ៍ អោយមកកាន់តែច្រើន

បាត់ដំបង ៖ ថ្លែងក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារសិក្សា០១ខ្នង ៣បន្ទប់ និងបន្ទប់ទឹក៣ ស្ថិតនៅក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីចុងសប្តាហ៍កន្លងទៅនេះ អភិបាលក្រុងបាត់ដំបង លោក លាង វាសនា បានសម្តែងការថ្លែងអំណរអគុណទៅដល់ដៃគូរជប៉ុន ដែលបានចូលរួមផ្តល់ជាសាលារៀនជាបន្តបន្ទាប់ នៅក្រុងបាត់ដំបង ក៏ដូចជាតាមបណ្តាស្រុកមួយចំនួនដើម្បីរួមចំណែកក្នុងវិស័យអប់រំ ។

លោកបន្តថា ខេត្តបាត់ដំបង គឺជា ខេត្តមួយដែលមានវ័យចំណាស់ មានភាពល្បីរន្ទឺ ដែលមានសម្បត្តិដ៏មហាសាល បានបន្សល់ទុកតាំងពីសម័យនិគមនិយមបារាំង គឺអគារបេតិកភណ្ឌជាង ៨០០ខ្នង នៅតាមផ្លូវលេខ១, លេខ១កន្លះ ,ដល់ផ្លូវលេខ៣ ដែលអគារនេះហើយបានស្រូបយកភ្ញៀវទេសចរជាតិនិងអន្តរជាតិ អោយមកលេងបាត់ដំបង ធ្វើអោយការរស់នៅនិងកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកាន់តែធូរធារដោយមិនដឹងខ្លួន ព្រោះកាលណាគេមកលេង គឺគេចាយលុយ ហើយបើគេចាយលុយ បងប្អូនប្រជាពលរដ្ឋយើងលក់ដូរដាច់ និងមានប្រាក់ចំណេញ ។

លោកអភិបាលក្រុងបន្តថា ក្នុងអាណត្តិលោកកាន់ជាអភិបាលក្រុងនេះ លោកមានចក្ខុវិស័យច្បាស់លាស់ បីសម្រាប់ទាញយកភ្ញៀវទេសចរណ៍ អោយមកកាន់តែច្រើន ៖ ទី១-យើងត្រូវរៀបចំទុកដាក់លុបបំបាត់សំរាម ។ ទី២-រៀបចំលុបបំបាត់ជនវិបល្លាស សតិមិនគ្រប់ ឬជនបែកថ្នាំ ដោយយកពួកគាត់ទៅព្យាបាលនៅមណ្ឌលកែប្រៃ មណ្ឌលអប់រំ ឬមណ្ឌលបន្សាបគ្រឿងញៀន ។ ទី៣-គឺរក្សាអោយបាននូវសុខសុវត្ថិភាព និងសន្តិសុខ ព្រោះគ្រប់ស្រុក ខេត្ត រាជធានី អ្នកណាក៏ចង់បាន ៕
ដោយ ៖ សាលី