Connect with us

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ  នៅខេត្តបាត់ដំបង

បាត់ដំបង ៖ ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទីពីរ  ដែលប្រព្រឹត្តទៅនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីឧទ្យានុរក្ស ខេត្តបាត់ដំបងនិងប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានដឹកនាំយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងអាចជាពាក្យស្លោកមួយថា (នៅក្នុងព្រៃកុំអោយមានអន្ទាក់ ហើយនៅក្នុងភោជនីយដ្ឋានកុំអោយមានមុខម្ហូបធ្វើអំពីសត្វព្រៃ )ដែលនេះជាគោលដៅសំខាន់មួយរបស់យុទ្ធនាការអន្ទាក់សូន្យដែលដឹកនាំដោយក្រសួងបរិស្ថាន។

ឯកឧត្តមបន្តថា ការដឹកនាំធ្វើយុទ្ធនាការអន្ទាក់សូន្យនេះគឺដើម្បីផ្តល់នូវសុវត្ថិភាពទៅអោយសត្វព្រៃ ព្រោះសត្វព្រៃក៏ត្រូវការសុវត្ថិភាព សត្វព្រៃក៏ត្រូវការភាពសុខសាន្ត សត្វព្រៃក៏ត្រូវការជម្រកដើម្បីវាអាចបន្តពូជនិងបន្តកំណើតតទៅមុខទៀតបាន តែបើសិនយើងបាត់បង់ទាំងអស់នេះ នោះវានិងបាត់បង់សត្វព្រៃ ហើយយើងនឹងបាត់បង់នូវអ្វីៗទាំងអស់ ការរៀបចំយុទ្ធនាការអន្ទាក់សូន្យ១២ខេត្តដែលផ្សព្វផ្សាយទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនេះ គឺបានធ្វើអោយប្រជាពលរដ្ឋមានការយល់ដឹងច្រើន ចូលរួមកាន់តែច្រើន ហើយយើងចង់ប្រែក្លាយនូវចំណេះដឹងរបស់ពួកគាត់ទៅជាការការពារ ទៅជាការស្រលាញ់ ទៅជាការចូលរួមនៅក្នុងការការពារអភិរក្ស ។ហើយនៅក្នុងយុទ្ធនាការជួបជុំថ្ងៃនេះនិងត្រូវបានផ្សព្វផ្សាយពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល ពីការតាំងចិត្តរបស់ក្រសួងបរិស្ថាន ពីការតាំងចិត្តរបស់អាជ្ញាធរខេត្តបាត់ដំបង និងប៉ៃលិន និងអង្គការដៃគូទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរសត្វព្រៃខុសច្បាប់ និងទប់ស្កាត់អន្ទាក់ លុបបំបាត់អន្ទាក់ ព្រោះអន្ទាក់វាមានតម្លៃថោកមែន ក៏ប៉ុន្តែវាសម្លាប់សត្វព្រៃដែលមានតម្លៃជាសកល។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការរៀបចំយុទ្ធនាការអន្ទាក់សូន្យគឺក្នុងគោលបំណងសំខាន់បួន! ទី១-គឹដើម្បីកាត់បន្ថយ លប់បំបាត់អន្ទាក់ចេញពីតំបន់ការពារធម្មជាតិ , ទី២- ដើម្បីអប់រំផ្សព្វផ្សាយបណ្តុះស្មារតីប្រជាពលរដ្ឋអោយស្រលាញ់ធនធានធម្មជាតិ ចូលរួមការពារធនធានធម្មជាតិ , ទី៣-គឺដើម្បីផ្លាស់ប្ដូរឥរិយាបថប្រជាពលរដ្ឋកុំអោយជឿថាសាច់សត្វព្រៃគឺជាឱសថ ជាមុខម្ហូបដ៏ឆ្ងាញ់គឺមិនមែនទេ គឺអោយគាត់ផ្លាស់ប្ដូរឥរិយាបថមកស្រលាញ់សត្វព្រៃវិញ ,និងទី៤-គឺការពង្រឹងទៅលើការដំណើរការអនុវត្តច្បាប់ ៕

ដោយ ៖ សាលី