Connect with us

ព័ត៌មានជាតិ

ប្រកាសបញ្ជូល សមាជិកភាពគណបក្សប្រជាជនកម្ពុជា ចំនួន១៧៤នាក់ នៅខេត្តប៉ៃលិន

ប៉ៃលិន ៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនាឆ្នាំ ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្ត បានអញ្ជើញប្រកាសបញ្ចូលសមាជិកបក្សថ្មី ដែលមកពីគណបក្សផ្សេង ៗ ចំនួន ១៧៤នាក់ នៅឃុំស្ទឹងត្រង់, ឃុំស្ទឹងកាច់, ឃុំសាលាក្រៅ និងអូរអណ្តូង នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលបានស័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការ​ងារ​ដ៏សំខាន់ ដែលត្រូវបង្កើនការយកចិត្តទុកដាក់លើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ ព្រោះ ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រ​គណបក្ស​ប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ដូចគ្នា ។

លោកជំទាវប្រធានគណៈកម្មាធិការគណបក្សខេត្ត បានមានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះការ​សម្រេច​​​ចិត្តចូលរួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា ហើយនេះគឹជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ដោយការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និង មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាង​ជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើនជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់​នៅ​ប្រចាំថ្ងៃ ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍​បញ្ជាក់​ថា៖ បច្ចុប្បន្នដោយឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់​សម្តេច​តេជោ មានថ្នាក់ដឹកនាំ សមាជិកបក្សផ្សេងៗជាច្រើន បាន​លាលែងចេញពីគណបក្សរបស់ខ្លួន និងស្នើសុំចូលបម្រើក្នុង​ជីវភាព​របស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជាមួយ​សម្តេចតេជោ ក្នុងការបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ​ជាតិមាតុភូមិរបស់យើង ក៏ដូចជាចូលរួមដល់ការអភិវឌ្ឍ​នៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ។

នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ក៏បានមានប្រសាសន៍​ជំរុញ​ឲ្យ​សមាជិក​-សមាជិកាទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ជាពិសេស​បន្តជួយ​ផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុម​គ្រួសារ សាច់ញាតិ និងមិត្តភក្តិទាំងអស់​ទៅ​បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ឆ្នាំ២០២៣ និងបោះឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ។

សូមបញ្ជាក់ថា សមាជិកសមាជិកាបក្ស ដែលបានប្រកាសបញ្ចូលថ្មី សរុបមានចំនួន ១៧៤នាក់ ក្នុងនោះមកពីអតីត​គណបក្សសង្គ្រោះជាតិ ចំនួន ០៦នាក់ គណបក្សភ្លើងទៀន ចំនួន ១២១នាក់ គណបក្សហ៊ុនស៊ិនប៉ិច ចំនួន ២៤នាក់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ចំនួន ១០នាក់ និងគណបក្សខ្មែររួបរួមជាតិ ចំនួន ១៣នាក់ ៕