Connect with us

ព័ត៌មានជាតិ

បញ្ចុះបឋមសិលា សាងសង់សាលាឆាន់ថ្មីមួយខ្នង​ នៅវត្តព្រះពន្លា​ ក្រុងសិរីសោភ័ណ​ គ្រោងការចំណាយប្រមាណមួយលានដុល្លារ​

បន្ទាយមានជ័យ​ ៖​ សាលាឆាន់ថ្មីមួយខ្នង នៅវត្ត​រាជនិវេសនារាម​ព្រះពន្លា​ ស្ថិតនៅភូមិព្រះពន្លា​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ដែលគ្រោងការចំណាយប្រមាណមួយលានដុល្លារ​ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ហេីយ​ ក្រោមអធិបតីភាពលោកជំទាវឧកញ៉ា​ អគ្គមហាឧបាសិកា​ ពុទ្ធសាសនូបត្ថម្ភ​ន៍​ បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ កែគឹមយ៉ាន​ ប្រធានកត្តិយសសមាគមនារីកម្ពុជា​ ដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ​ ដោយមានការចូលរួមពីសំណាក់លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាល​រង​ខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីសង្ឃ​ ពុទ្ធបរិស័ទជិតឆ្ងាយបានចូលរួម​ ប្រារព្ធ​នៅរសៀលថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ​២០២៣ ។

ព្រះគ្រូចៅអធិការវត្ត​ព្រះពន្លា​ យឿន​ សាមឿត​​ ដោយមានការស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ទពីពុទ្ធបរិស័ទ​ គណៈកម្មការ​ អាចារ្យ​វត្ត​ ដេីម្បីកសាងសាលាឆាន់ថ្មី រចនាប័ទ្មខ្មែរ មានបណ្ដោយ ៣៩ម៉ែត្រ ទទឹង២៩ម៉ែត្រ​ ដែលត្រូវបញ្ចុះបឋមសិលាសាងសង់នេះ​ ដេីម្បីឱ្យបងប្អូនប្រជាពុទ្ធបរិស័ទ​ បានប្រារព្ធធ្វេីបុណ្យទាននានា​ តាមបែបព្រះពុទ្ធសាសនា។

ទន្ទឹមជាមួយគ្នានោះព្រះគ្រូចៅអធិការវត្ត​ ក៏បានអំពាវនាវដល់សប្បុរសជនក្នុង​ និងក្រៅប្រទេស​ ពុទ្ធបរិស័ទជិតឆ្ងាយ​ ចូលរួមជួយតាមសទ្ធាជ្រះថ្លាក្នុងការកសាងសាលាឆាន់ថ្មីនេះ​ ដោយវត្តមានការខ្វះខាតដូចជា ស៊ីម៉ង់ត៍ ឥដ្ឋ ថ្ម ខ្សាច់ ដែក និងគ្រឿងសម្ភារៈសម្រាប់កសាងជាដេីម ។

ព្រះគ្រូចៅអធិការវត្ត យឿន​ សាមឿត​ មានសង្ឃដីកាបញ្ជាក់ថា​ ៖​ វត្តរាជនិវេសនារាមព្រះពន្លាមុនឆ្នាំ១៩៧៥ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ ចាស់ទុំព្រឹទ្ធាចារ្យ កសាងបាននូវ រោងឧបោសថ សាលាធម្មសភា សាលាធម្មវិន័យ កុដិព្រះសង្ឃ បានប្រើប្រាស់ជាប្រយោជន៍ ព្រះពុទ្ធសាសនានាសម័យមុន ។​ លុះចាប់ពីឆ្នាំ ១៩៧៩ ព្រះចៅអធិការ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ​កសាងព្រះវិហារ ជួសជុលសាលាធម្មសភា កសាងសាលាបាលី កុដិ កសាងរបងវត្ត ៕