Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយក្រុមចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករ

បាត់ដំបង ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយក្រុមចលនាអ្នកបើកបររថយន្ត អ្នករត់ម៉ូតូឌុប និងកម្មករ នៅឯសាលប្រជុំ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ។

នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៩ មកដល់ពេលនេះ មានរយៈពេលប្រហែល២៣ឆ្នាំប៉ុណ្ណោះ ដែលយើងបានកសាងប្រទេសជាតិបានច្រើនគួរឱ្យកត់សម្គាល់ ថ្វីបើមិនមានការជឿនលឿនដូចនៅប្រទេសអាមេរិក ឬប្រទេសបារាំង ដែលគេមានសន្តិភាពជាង២០០ឆ្នាំ ទៅជិត៣០០ឆ្នាំហើយនោះ តែសម្រាប់ប្រទេសកម្ពុជាយើង ទើបតែមានសន្តិភាព២៣ឆ្នាំ ។

បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានរំលឹកថា កាលពីឆ្នាំ១៩៨០ជាង តើយើងមានការលំបាកវេទនាប៉ុណ្ណា? បើប្រៀបធៀបនឹងពេលនេះគឺមានភាពខុសគ្នាឆ្ងាយណាស់ ពីមុនប្រទេសយើងមានសង្រ្គាមរ៉ាំរ៉ៃ គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងនិងអភិវឌ្ឍប្រទេសជាតិនោះទេ បច្ចុប្បន្នប្រទេសយើងមានសន្តិភាព យើងមានការអភិវឌ្ឍន៍គ្រប់វិស័យ យើងមានអ្វីៗគ្រប់បែបយ៉ាង រួមទាំងសិទ្ធិសេរីភាព យើងអាចធ្វើដំណើរទៅណាក៏បានដែរ ពេលណាក៏បាន ។

ឯកឧត្តម បានបញ្ជាក់ថា ដើម្បីឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍបន្ថែមទៀតនោះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានស្រាប់នេះឱ្យបានគង់វង្ស ហើយឯកឧត្តមក៏បានធ្វើការអំពាវនាវដល់អង្គសំណេះសំណាលទាំងអស់ទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធ្វើការអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យមានការរីកចម្រើនថែមទៀត ៕

ដោយ ៖ សាលី