Connect with us

ព័ត៌មានជាតិ

ប្រើល្បិចទិញទំនិញ បន្លំចូលលួចលុយជិត៣០០០ដុល្លា គេចខ្លួនដោយសុវត្ថិភាព

បាត់ដំបង ៖ ចោរមួយក្រុម បានប្រើល្បិចបន្លំលួចយកលុយជាច្រើនពាន់ដុល្លា ពីទីតាំងទ្រូម៉ាន់នីមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងក្រុមទី០៣ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ជនរងគ្រោះឈ្មោះ ម៉ាលីណែត អាយុ៣០ឆ្នាំ មុខរបរផ្ញើ និងដកប្រាក់ទ្រូម៉ាន់នី និងលក់ដូរម្សៅផលិតផល រស់នៅក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុក្រុមចោរដែលមានគ្នាប្រមាណជា៥ ទៅ៦នាក់មានប្រុស មានស្រី ដំបូងឡើយពួកគេបានប្រើល្បិចឲ្យស្ត្រីម្នាក់ ជិះម៉ូតូមកសួរនាំតម្លៃចង់ទិញផលិតផលម៉្សៅ ដោយមិនត្រូវថ្លៃក៏ជិះម៉ូតូចេញទៅវិញបាត់ តែមួយសន្ទុះក្រោយមក ក៏បានវិលត្រឡប់មកវិញ ហើយបានឲ្យស្ត្រីជនរងគ្រោះ យកម៉្សៅឲ្យខ្លួនមើលដែលដាក់តាំងនៅក្នុងផ្ទះខាងក្រោយពីកន្លែងទ្រូម៉ាន់នី ស្របពេលដែលជនរងគ្រោះ ដើរទៅយកម៉្សៅស្រាប់តែមានបុរសផ្សេងទៀត ជាបក្សពួកបានចូលទៅលួចលុយ ដែលដាក់ក្នុងកាបូបនៅក្នុងថតទូរកន្លែងដក និងដាក់លុយ ប៉ុន្តែភ្លាមៗនោះស្ត្រីជនរងគ្រោះ បានងាកមកឃើញទាន់ក៏បានស្រែកឆោឡោដេញចាប់យ៉ាងប្រកៀកប្រកិត រហូតក្រុមចោរ បានបាចលុយដុល្លាមួយចំនួនចោលរាយប៉ាយពេញដងផ្លូវ បន្ទាប់មកក៏ជិះម៉ូតូរំដោះខ្លួនបាត់អស់តែម្តង ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ ហើយនៅចំពោះមុខសមត្ថកិច្ចជំនាញ បាននិងកំពុងមមាញឹកតាមដានស្រាវជ្រាវ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមទីកន្លែងដែលពាក់ព័ន្ធដើម្បីកំណត់មុខសញ្ញាឈានទៅការនាំខ្លួនជនសង្ស័យ ៕
ដោយ ៖ សាលី