Connect with us

ព័ត៌មានជាតិ

លោក ហង្ស ស៊ីផា ផ្តល់ទីតាំងបោះតង់ និងអាហារសាមគ្គីរវាងនិស្សិតកម្ពុជា-ម៉ាឡេស៊ី នៅភ្នំខ្លាកូន

បន្ទាយមានជ័យ ៖ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង រវាងយុវជនកម្ពុជា និងយុវជនម៉ាឡេសុី កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ លោក ហង្ស ស៊ីផា បានផ្តល់ទីតាំងបោះតង់ និងរៀបចំពិធីអាហារសាមគ្គីរវាងថ្នាក់ដឹកនាំខេត្ត ជាមួយប្រតិភូនិស្សិតសាកលវិទ្យាល័យ USIM ប្រទេសម៉ាឡេសុី និងយុវជន ស ស យ ក ខេត្តបន្ទាយមានជ័យ នៅទីតាំងម៉ាទីនស្ពត ( Matin Sport ) នៃភ្នំខ្លាកូន ស្ថិតក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក ហង្ស ស៊ីផា បានលើកឡើងថា លោកពិតជារីករាយ និងសប្បាយចិត្ត ដែលឃើញយុវជនជាទំពាំងស្នងឬស្សី នៃប្រទេសទាំងពីរ កម្ពុជា ម៉ាឡេសុី ចេះទំនាក់ទំនងសហការគ្នាយ៉ាងល្អ ។ ហើយអ្វីដែលក្មួយៗអាចជួបគ្នានាពេលនេះ ហើយអ្វីៗដែលមាននាពេលនេះ ដោយសារតែកម្ពុជាមានសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ហើយសង្ឃឹមថា ក្មួយៗ រាប់អានគ្នាដោយមិនបែងចែកជាតិសាសន៍ ។

ជាមួយគ្នានោះ លោកក៏ជូនពរក្មួយៗ ពេលត្រឡប់ទៅប្រទេសម៉ាឡេសុីវិញ ទទួលបានជោគជ័យ ក្នុងការសិក្សា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសខ្លួន ។

ជាការឆ្លើយតបនិងការយកចិត្តទុកដាក់ ពីខាងកម្ពុជា តំណាងនិស្សិតនៃសាកលវិទ្យាល័យ USIM ប្រទេសម៉ាឡេសុី បានថ្លែងអំណរគុណចំពោះលោក ហង្ស សុីផា និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលតែងសម្របសម្រួលគាំទ្រ ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ដំណើរទស្សនៈកិច្ចទំនាក់ទំនងរវាងយុវជនម៉ាឡេសុី និងយុវជនកម្ពុជា ក៏ដូចជាកិច្ចទំនាក់ទំនង រវាងយុវជនម៉ាឡេសុី និងខេត្តបន្ទាយមានជ័យ ។ ដោយលើកនេះ ជាដំណើរទស្សនៈកិច្ចលើកទី២ លើទឹកដីខេត្តបន្ទាយមានជ័យ ។

តំណាងនិស្សិតនៃប្រទេសម៉ាឡេសុី បានលើកឡើងទៀតថា ក្នុងនាមយុវជននៃប្រទេសម៉ាឡេសុី រង់ចាំស្វាគមន៍ជានិច្ច នៅដំណើរទស្សនៈកិច្ចរបស់ថ្នាក់ដឹកនាំនិងយុវជនខេត្តបន្ទាយមានជ័យ នៅពេលទៅម៉ាឡេសុី ។

តាមរយៈអាហារសាមគ្គី និងការបោះតង់រួមគ្នាលើទីតាំងជើងភ្នំដ៏ស្រស់ស្អាត របស់លោក ហង្ស សុីផា កាន់តែធ្វើអោយយុវជនទាំងពីរប្រទេស បានស្វែងយល់ពីវប្បធម៌ ប្រពៃណី នៃប្រទេសទាំងពីរ និងផ្លាស់ប្តូរបទពិសោធន៍ ទៅវិញទៅមកយ៉ាងរស់រាយរាក់ទាក់ ។

សូមបញ្ជក់ថា ប្រតិភូនិស្សិតសាកលវិទ្យាល័យ USIM នៃប្រទេសម៉ាឡេសុី បានមកដល់កម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ និងត្រឡប់ទៅវិញនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងអំឡុងនៅកម្ពុជា ប្រតិភូនិស្សិតម៉ាឡេសុី បានជួបសំណោះសំណាលជាមួយ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ជាមួយអាជ្ញាធរក្រុងសិរីសោភ័ណ  ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យUME ជាមួយសមាគមន៍ខ្មែរចិននៅខេត្តសៀមរាប និងថ្នាក់ដឹកនាំខ្មែរឥស្លាមខេត្តសៀមរាប ៕