Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ពិន ពិសិដ្ឋ ដឹកនាំ សមាជិក សមាជិកា ប្រមាណជាង ១២០០នាក់ ចុះយុទ្ធនាការដង្ហែក្បួនឃោសនាបោះឆ្នោត

បាត់ដំបង ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ពិន ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំឈើទាល បានអញ្ជើញដឹកនាំសមាជិកសមាជិកាប្រមាណចំនួន ១២២២នាក់ចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅស្នាក់ការបក្សឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

នាឱកាសនោះ ឯកឧត្តម និងលោកជំទាវ ព្រមទាំងអង្គពិធីបានទស្សនាពិធីបើកយុទ្ធនាការឃោសនា ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី និងស្ដាប់ការធ្វើសេចក្ដីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ពីទីប្រារព្ធពិធីនៅរាជធានីភ្នំពេញ ផ្សាយផ្ទាល់តាមកញ្ចក់LED។

ក្រោយបញ្ចប់សេចក្ដីថ្លែងការណ៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ឯកឧត្តម ពិន ពិសិដ្ឋ បានមានប្រសាសន៍សំណះសំណាលទៅកាន់អង្គពិធី ព្រមទាំងប្រកាសបើក និងបន្តអញ្ជើញដឹកនាំយុទ្ធនាការឃោសនាចេញពីទីតាំងជួបជុំឆ្ពោះទៅកាន់ទីប្រជុំជននៅតាមមូលដ្ឋានភូមិនានា ក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ផងដែរ ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ៕

ដោយ ៖ សាលី