Connect with us

ព័ត៌មានជាតិ

បន្លំសម្លេងធ្វើជាកូន ខលតាមទូរស័ព្ទ បោកលុយស្រ្តីចំណាស់ ៗ រាប់ពាន់ដុល្លា ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព បន្លំសម្លេងធ្វើជាកូន ខលបោកយកលុយ ស្រ្តីចំណាស់ ៗ ជាច្រើនករណី បានប្រាក់រាប់ពាន់ដុល្លា ។

ជនសង្ស័យខាងលើមានឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាព បោកប្រាស់មួយបែប ដោយចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសម្លេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឲ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោរ ក៏ប្រឹងរកប្រាក់ វេឲ្យជនសង្ស័យភ្លាមៗតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ៕