Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជាមួយថ្នាំញៀនជាង ១០០០០គ្រាប់

បាត់ដំបង ៖ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនី​យ៍ទោ ប៉ាន ចាន់រិទ្ធនាយការិយាល័យនគរ​បាលប្រឆាំងបទល្មើសគ្រឿងញៀនបានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបបានករណីជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្ដែង ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៧និង៤០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២​០​២៣ នៅចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្ត បាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំ​នួន០២នាក់ រួមមាន ៖ ១-ឈ្មោះ ចិន រ៉ង ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំ​នៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយ​មានជ័យ ។ ២-ឈ្មោះ សុខ វិបុល ភេទប្រុស អាយុ៤១ឆ្នាំ មានទី​លំនៅភូមិក្នុង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀម​រាប  ជាមួយវត្ថុតាងមាន ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១០,០៦៤គ្រាប់ និងបំណែកមួយចំនួន ទម្ងន់ ១០២២,៥១ក្រាម, ទូរស័ព្ទដៃចំនួន ០៣គ្រឿង (ចាស់), ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-6513 ចំនួន ០១គ្រឿង ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ចិន រ៉ង និងដោយមានការអនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ នៅថ្ងៃដដែលសមត្ថកិច្ចនគរបាលបានធ្វើការ សហ​ការជាមួយ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ទៀតឈ្មោះ ព្រំ ធិន ហៅ ប្រុស ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាងឆែកឆេរបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ២,០១០គ្រាប់ ទម្ងន់២០២,០០ក្រាម, ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ។ សរុប ៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១២,០៧៤គ្រាប់ និងបំណែកមួយចំនួន មានទម្ងន់ ១,២២៤.៥១ក្រាម ។

ក្រោយពីឃាត់ខ្លួនជនសង័្សយ និងវត្ថុតាង បច្ចុប្បន្នត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី