Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ នាំយកទៀនព្រះវស្សា និងចង្ហាន់ប្រគេនដល់ព្រះសង្ឃចំនួន ១១៥អង្គ នៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម សខេង ព្រមទាំងក្រុមការងារ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យទាន និងចង្ហាន់ប្រគេនដល់ព្រះសង្ឃចំនួន ១១៥អង្គនៅវត្តធម្មិការាម ហៅវត្តដំណាក់ហ្លួង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ។

ចំពោះទេយ្យវត្ថុប្រគេនព្រះសង្ឃនាព្រឹកនេះ រួមមាន ៖ ទៀនព្រះវស្សាចំនួន០២គូ, ទឹកសុទ្ធចំនួន១៥កេស, អង្ករ០១តោន, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ , ទឹកក្រូច ២០កេស, ត្រីខកំប៉ុង០៥កេស, មី១៥កេស , ទឹកដោះគោឆៅ០៣កេសធំ, ទឹកដោះគោMilo ២០កេស, គ្រឿងទេស០១ឈុត, កាបូបសៀវភៅប៊ិច ១១៥ឈុត, ស្លាដក់១១៥ប្រអប់, និងបច្ច័យក្នុងមួយអង្គៗ ៤ម៉ឺន១ពាន់រៀលផងដែរ ។

ចំពោះពិធីបុណ្យប្រគេនទៀនព្រះវស្សា និងបរិក្ខាផ្សេងៗនេះដែរ ធ្វើឡើងក្នុងគោលបំណងឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធមាតាបិតា ជីដូនជីតា ញាតិការទាំង៧សណ្ដាន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាលះបង់អាយុជីវិត ក្នុងការស្វែងរកសុខសន្តិភាពជូនប្រជាពលរដ្ឋដូចបច្ចុប្បន្ននេះ ។

គួរបញ្ជាក់ផងថា រៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃទី១រោច ខែអាសាឍ ខាងមុខនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ដែលជាពុទ្ធបរិស័ទ តែងតែនាំទៀនចាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគ្រប់ៗវត្តដើម្បីបានដល់ព្រះសង្ឃ សម្រាប់ការប្រើប្រាស់ក្នុងពេលវេលា នៃការកាន់ព្រះវស្សារយៈពេល៣ខែ តាមពុទ្ធាអនុញ្ញាតរបស់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ ៕

ដោយ ៖ សាលី