Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​ក្រុងប៉ោយប៉ែត ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធ​ករណីលួចម៉តូ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន បញ្ជូនទៅតុលាការ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាការក្រុង​ ធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០១ និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។

លោកបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលេី​ គឺ យោងតាមបណ្តឹងរបស់ឈ្មោះ​ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានមកដាក់ពាក្យបណ្ដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា​ ZOOMER- X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1AC-4561 នៅមុខបន្ទប់ជួលរបស់ខ្លួនដូចរាល់ដង លុះព្រឹកឡើង ជនរងគ្រោះរៀបចំចេញទៅធ្វើការស្រាប់តែ ទ្វារបន្ទប់ជាប់បើកមិនចេញ ដោយជនសង្ស័យ បានយកលួសសរសៃចងភ្ជាប់នឹងទ្វារ​ ហេីយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ​ ពេលបេីកទ្វារស្រាប់តែបាត់ម៉ូតូតែម្ដង ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត​ចាត់ការតាមនីតិវិធី​ ចំណែកម៉ូតូ​ ដែលជនសង្ស័យបានលូច ត្រូវបានកម្លាំងកងរាជអាវុហត្ថ​ ប្រគល់ជូនម្ចាស់ដេីមវិញផងដែរ ៕