Connect with us

ព័ត៌មានជាតិ

លួចម៉ូតូកង់បី បានសម្រេច១ថ្ងៃ ត្រូវអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ​ ៖  ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោយធ្វើសកម្មភាព លួចម៉ូតូកង់បីរបស់អ្នកដ៏ទៃ បានសម្រេច១ថ្ងៃ ។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​ បានឱ្យដឹងថា​ ជនសង្ស័យខាងលើមានឈ្មោះ សេង សូនី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ ជាមេបញ្ជាការក្រុង ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង ១៣និង២០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣​ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ អំពីករណី បាត់ម៉ូតូកង់បី ១គ្រឿង (PASSAPP) ម៉ាក BAJAJREMAXIMAZ ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AM-9890 កាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ។

លោកបន្តថា ក្រោយឃាត់ខ្លួន​ និងសាកសួរ ជនសង្ស័យ​បានសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន​ ហេីយកន្លងទៅខ្លួនធ្លាប់បានជាប់ពន្ធនាគារចំនួន០១លើកផងដែរ ពាក់ព័ន្ធករណីលួច នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០២១ ។​

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ ចំណែកម៉ូតូដែលជនសង្ស័យលួចបាន សមត្ថកិច្ចបានធ្វើការដកហូត និងប្រគល់ជូនម្ចាស់ដើមវិញផងដែរ ៕