Connect with us

ព័ត៌មានជាតិ

ច្រកទ្វារអន្តរជាតិដូងត្រូវបានបិទការចរាចរណ៍ទំនិញផ្សេងៗជាបណ្តោះអាសន្ន

(បាត់ដំបង) ក្រោយមានជំនន់ទឹកភ្លៀងហូរកាត់អូរព្រំដែននិងធ្វើអោយជន់លិចផ្លូវឆ្លងកាត់មាត់ច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង អាជ្ញាធរទាំងភាគីកម្ពុជានិងថៃ បានសម្រេចបិទផ្អាកការចរាចរណ៍រថយន្តដឹកទំនិញផ្សេងៗជាបណ្តោះអាសន្ន ប៉ុន្តែអនុញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះ។

លោក សុខ ដែន អភិបាលស្រុកកំរៀងបានបញ្ជាក់ឲ្យដឹងថា÷ ចាប់តាំងពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងមុននេះមន្ត្រីជំនាញពាក់ព័ន្ធទាំង២ភាគី កម្ពុជា និង ថៃ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិដូងបានសម្រេចបិទជាបណ្តោះអាសន្នមួយរយ:សិននូវការធ្វើចរាចរណ៍ដឹកទំនិញចេញចូលគ្រប់ប្រភេទមិនឲ្យឆ្លងកាត់តាមកំណាត់ផ្លូវស្ពានផ្នែកខាងក្រោម ដោយអនុញ្ញាតិត្រឹមតែថ្មើរជើងប៉ុណ្ណោះដោយសារទឹកជំនន់បានកើនឡើងខ្ពស់។

លោកបញ្ជាក់ថា មកទល់ត្រឹមម៉ោងជិត១២និង០០នាទី ថ្ងៃទី៤ ខែតុលានេះទឹកបានស្រកប្រមាណជា២តឹកវិញហើយ ដរាបណាលែងមានភ្លៀងធ្លាក់បន្ថែមទៀត តែចំពោះមុននេះអាកាសធាតុផ្ទៃមេឃកំពុងតែស្រទំកលភ្លៀងនៅឡើយ ហើយស្ថានភាពកម្ពស់ទឹកជំនន់នៅនឹងច្រកទ្វារអន្តរជាតិដូង និងនៅតាមតំបន់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋរស់នៅ មន្ត្រីរដ្ឋបាលស្រុក ក៏ដូចជាកងកម្លាំងទាំងបីកងឯកភាពកំពុងតាមដាននិងចុះជាប់ជាប្រចាំយ៉ាងយកចិត្តទុកដាក់ផងដែរ៕