Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដឹកនាំមន្ត្រីក្រោមឱវាទ កាន់បិណ្ឌវេណទី៧ នៅវត្តស្វេតឆ័ត្រកុញ្ជរជ័យ ហៅ (វត្តដំរីស)

(បាត់ដំបង) នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមក្នុងពិធីធ្វើបុណ្យកាន់បិណ្ឌវេណទី៧ នៅវត្តស្វេតឆ័ត្រកុញ្ជរជ័យ ហៅ (វត្តដំរីស) ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្នុងពិធីបុណ្យកាន់វេនបិណ្ឌទី៧នេះ ក៏មានការចម្រើនព្រះបរិត្តរបស់ព្រះសង្ឃ ហើយឧទ្ទិសកុសលជូនមាតា បិតា ញាតិការក្នុងសង្សារវដ្ត និងបាននាំយក ទេយ្យវត្ថុ បច្ច័យ សម្រាប់កសាងមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តស្វេតឆ័ត្រកុញ្ជរជ័យ ហៅ (វត្តដំរីស) ផងដែរ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនានា ដែល មាននៅក្នុងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកម្ពុជា ហើយប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណ រៀងមក តែងតែប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថ្ងៃទី១៥រោច ដែលមានរយៈពេល១៥ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅក្នុងលោកខាងមុខ ឲ្យលោកទទួលបាននូវ ផល្លានិសង្ឃដែលយើងជាកូនចៅបានធ្វើ។