Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្រ្ដស្រុករតនមណ្ឌល ស្រុកសំឡូត ស្រុកកំរៀង និងស្រុកសំពៅលូន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣

(បាត់ដំបង) នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងលោកអភិបាលរងខេត្ត លោកស្នងការ លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៃស្រុកចំនួន០៤ រួមមាន ៖ ស្រុករតនមណ្ឌល , ស្រុកសំឡូត , ស្រុកកំរៀង និង ស្រុកសំពៅលូន ។

នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពជូនប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ជាដើម ។

ក្នុងនោះឯកឧត្តមបានបន្តណែនាំដល់កងកម្លាំងបន្តខិតខំពង្រឹងវិន័យរបស់ខ្លួន បន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេសបញ្ហាគ្រឿងញៀនយើងត្រូវទប់ស្កាត់ និងលុបបំបាត់ឱ្យខានតែបាន ជាពិសេសនៅតាមបណ្ដោយព្រំដែននេះអាចនឹងមានការលួចលាក់នាំចូល នាំចេញនូវសារធាតុញៀន ឬគ្រឿងញៀនគ្រប់ប្រភេទតាមព្រំដែននេះតែម្ដង ។

ជាមួយគ្នានេះ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ នូវអង្ករ៨តោន (ក្នុងមួយអង្គភាពទទួលបាន២តោន) និងនាំយកថវិកាចំនួន៨,០០០,០០០រៀល (ក្នុងមួយអង្គភាពទទួលបាន២,០០០,០០០រៀល) ដែលជាអំណោយរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនដល់
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៣១០ ស្រុកសំឡូត
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៣
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ ស្រុកកំរៀង
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ស្រុកសំពៅលូន ។
និងអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង មួយចំនួនដូចជា
-ភេសជ្ជៈចំនួន៣០កេស
-ទឹកសុទ្ធ៥០កេស
-នំអន្សមជ្រូក១ស្លឹក
-សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
-បន្លែស្រស់៥០គីឡូក្រាម
-ម៉ាស់២០ប្រអប់
-អាកុល៦០លីត្រ
-និងថវិកា៦លានរៀល
ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ៕