Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមកកម្សាន្តក្នុងពិធីបុណ្យអុំទូក សូមដើរលេងដោយសេចក្តីថ្លៃថ្នូរ កុំបង្កបញ្ហា កុំបង្កជម្លោះ ពិសេសថែរក្សាអនាម័យបរិស្ថាន

(បាត់ដំបង)! ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារ ការកសាងសួនជ្រាំងស្ទឹងសង្កែ និងការហាត់សមទូកនាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងបានរៀបចំពិធីបុណ្យអុំទូកបណ្តែតប្រទីបរយះពេល០២ថ្ងៃ គឺថ្ងៃទី២៨ និង ២៩ ខែតុលា ឆ្នាំ២០២៣នេះ គឺត្រូវនឹងថ្ងៃបុណ្យចេញព្រះវស្សា ដែលក្នុងនោះមានទូកចំនួន ៤៥ទូក និងមានកីឡាករ កីឡាការនី សរុបចំនួនជាង ១៦០០នាក់។

ឯកឧត្តមបញ្ជាក់ថា ការដែលយើងរៀបចំពិធីនេះបាន ក៏ដោយសារខេត្តបាត់ដំបង ក៏ដូចជាទូទាំងប្រទេសមានម្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចបន្តវេនពីសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាពដល់ប្រជាពលរដ្ឋយើង ទើបយើងមានលទ្ធភាពរៀបចំពិធីបុណ្យអុំទូកនេះឡើងដើម្បីបង្កភាពសប្បាយដល់ប្រជាពលរដ្ឋយើង ហើយឯកឧត្តមសង្ឃឹមថាឆ្នាំនេះនឹងមានបងប្អូនប្រជាពលរដ្ឋមានកម្សាន្តលេងច្រើនជាងឆ្នាំកន្លងៗមក ព្រោះរដ្ឋបាលខេត្តបានរៀបចំបង្កើតគណៈកម្មការជាច្រើន មានទាំងសន្តិសុខ សណ្តាប់ធ្នាប់ សុខាភិបាល ពិសេសគឺគណៈកម្មការបរិស្ថានតែម្តង។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមកកម្សាន្តលេងក្នុងពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបងនេះ សូមជួយធ្វើយ៉ាងម៉េចដើរលេងដោយសេចក្តីថ្លៃថ្នូរ ដោយកុំបង្កបញ្ហា កុំបង្កជម្លោះ ជាពិសេសសូមខិតខំថែរក្សាអនាម័យបរិស្ថាន ដោយចេះទុកដាក់សំរាម ព្រោះគណៈកម្មការបានរៀបចំដាក់ធុងសំរាមយ៉ាងច្រើនហើយដែរ ដូច្នេះសូមបងប្អូនចោលសំរាមក្នុងធុង ចេះទុកដាក់សំរាមដោយខ្លួនឯង ហើយពិសេសតាមបណ្តោយដងស្ទឹង សូមបងប្អូនកុំចោលសំរាម ថង់ប្លាស្ទិច និងដបទឹកសុទ្ធនៅក្នុងស្ទឹង ព្រោះបច្ចុប្បន្នយើងកំពុងធ្វើយុទ្ធនាការមិនប្រើប្រាស់ ឬកាត់បន្ថយការប្រើប្រាស់ថង់ប្លាសស្ទិចដើម្បីថែរក្សាអនាម័យបរិស្ថាន យើងរួមគ្នាបែបនេះ ទើបយើងមានអនាម័យល្អ បរិស្ថានស្អាត ហើយយើងមានសុខភាពល្អ។