Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា ជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលជាតិ និងពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក លោកស្រី មកពីក្រសួង ស្ថានប័នពាក់ព័ន្ធជាច្រើនរូប ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឡើងបង្ហាញរបាយការណ៍សង្ខេប ស្តីពី វឌ្ឍនភាពការងារ និងស្ថានភាពបច្ចុប្បន្ននៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ជាពិសេសការបញ្ចូល QR Code ចេញ-ចូលតាមប្រព័ន្ធអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី ដែលជាការងារទើបទទួលបានពីថ្នាក់លើ ដើម្បីគ្រប់គ្រងអ្នកដំណើរចេញចូលប្រទេស ។

ក្រៅពីជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលជាតិ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានដឹកនាំប្រតិភូចុះត្រួតពិនិត្យជាក់ស្តែង អំពីស្ថានភាព វឌ្ឍនភាព, ការឆ្លងដែនរបស់ភ្ញៀវជាតិ-អន្តរជាតិ, ការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល និងការផ្តល់សេវារបស់នគរបាលអន្តោប្រវេសន៍ នៅតាមប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ផងដែរ ៕