Connect with us

ព័ត៌មានជាតិ

ខ្វះលុយដណ្តឹងប្រពន្ធ យុវជនម្នាក់ដាច់ចិត្ត ចាក់សម្លាប់មិត្តភក្តិ ប្លន់យកម៉ូតូ

កំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភក្តិ ទិញស្រារបៀរផឹកជាមួយគ្នារួចយកកាំបិតចុងស្រួចវែង ចាក់សម្លាប់ប្លន់យកម៉ូតូ ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាលក្រុងឧដុង្គម៉ែជ័យ បានឱ្យដឹងថា មានយុវជនពីរនាក់បានជួបជុំគ្នាផឹកស៊ី ហើយក្រោយឃើញជនរងគ្រោះរាងស្រវឹងបន្តិច ជនបង្កក៏បានយកកាំបិតចុងស្រួចធ្វើសកម្មភាព អារក និងចាក់សម្លាប់ជនរងគ្រោះតែម្តង ដើម្បីប្លន់យកម៉ូតូ ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ។ រីឯយុវជនដៃដល់មានឈ្មោះ ពេជ្រ រ៉ាវី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រដូចគ្នា រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។

ក្រោយកើតហេតុកម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយធ្វើការស្រាវជ្រាវកំណត់បានមុខសញ្ញា រួចឈានដល់ការឃាត់ខ្លួនយុវជនដៃដល់ជាកម្មកររោងចក្រធ្វើការងារជាមួយនិងជនរងគ្រោះ។ជាមួយនិងការឃាត់ខ្លួនជនដៃដល់ កម្លាំងជំនាញក៏បានដកហូតវត្ថុតាងដែលបន្សល់ទុកនៅកន្លែងកើតហេតុមាន កូនកាំបិត០១ដើមប្រឡាក់ឈាម ស្បែកជើង០១គូនិងស្រាបៀរ៦កំប៉ុង ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់ឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា ខ្លួននិជនរងគ្រោះឈ្មោះ ណយ ចាន់ណៃ គឺជាមិត្តភក្តិស្និតស្នាល រួមការងាររោងចក្រជាមួយគ្នា។ដោយសារតែស្រឡាញ់កូនស្រីគេនៅខេត្តតាកែវខ្លាំងពេក ហើយមិនមានលុយទៅចូលស្តីដណ្តឹង ទើបសម្រេចចិត្តសម្លាប់មិត្តភក្តិ ដើម្បីប្លន់យកម៉ូតូទៅលក់យកលុយឱ្យម្តាយ ចូលស្តីដណ្តឹងនារីដែលខ្លួនស្រឡាញ់នៅខេត្តតាកែវនោះតែម្តង ៕

ដោយ ៖ ប៊ុត សារុន