Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងសិរីសោភ័ណ ស្នើពលរដ្ឋចូលរួមដោយស្ម័គ្រចិត្ត រុះរើសំណងរំលោភលើចំណីផ្លូវ និងថ្លែងអំណរគុណ ចំពោះអ្នកធ្វើគំរូក្នុងការរុះរើ

បន្ទាយមានជ័យ ៖ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោយពីចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងក្រុងសិរីសោភ័ណ និងមន្ត្រីជំនាញចុះវាស់វែងអក្សផ្លូវ កំណត់ចំណីផ្លួវ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣រួចមកលោកបានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ត ធ្វើជាគំរូក្នុងការរុះរើដោយខ្លួនឯង និងស្នើសូមអោយពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលរស់តាមដងផ្លូវជាតិលេខ៥៦ ចូលរួមដោយស្ម័គ្រចិត្ត រុះរើសំណង់ដូចជា សំយាបផ្ទះ រោង តូប ស្លាកយីហោ ដែលសាងសង់ រំលោភលើចំណីផ្លូវ ទៅតាមការកំណត់របស់រដ្ឋបាលក្រុង ។

លោកបានឲ្យដឹងទៀតថា ដោយមានការណែនាំពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លើការរៀបចំសណ្តាប់ធ្នាប់ ការការពារសុវត្ថិភាព និងគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងឲ្យតាមដងផ្លូវមានសោភ័ណភាព និងសណ្តាប់ធ្នាប់ល្អ ជាជំហ៊ានដំបូងនេះ គឺ ត្រូវធ្វើតាមផ្លូវជាតិលេខ៥៦ ពីចំណុចភ្លើងស្តុបផ្លូវបំបែកជាបួន ផ្លូវទៅផ្សារថ្មី ដល់ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយចុះវាស់វែងអក្សផ្លូវដោយមន្ត្រីជំនាញ និងមន្ត្រីសាលាក្រុង ដោយយកចំណុចអក្សកណ្តាលផ្លូវ ទៅចិញ្ចើមខាងកើត យកប្រវែង ១៥ម៉ែត្រ និងខាងលិចផ្លូវយក ២៥ម៉ែត្រ តែជំហ៊ានដំបូងយកត្រឹមបង្គោលភ្លើងសិន ហើយណែនាំដល់ប្រជាពលរដ្ឋ ដែលធ្វើសំយាប និងតូបសំណង់ផ្សេងៗដែលធ្វើរំលោភទៅលើចំណីផ្លូវជាតិលេខ៥៦ ត្រូវរុះរើចេញដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹងតទៅ ។

លោក ស្រេង សុផល បានបញ្ជាក់ថា ក្រោយពីការណែនាំឲ្យរុះរើចេញដោយខ្លួនឯង ហើយមិនអនុវត្តតាមអាជ្ញាធរក្រុង អាជ្ញាធរនឹងមានវិធានការរុះចេញដោយមិនលើកលែងឡើយ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុង ការពារគ្រោះចរាចរណ៍កើតឡើង ។

យោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ដើម្បីធានាឲ្យដំណើរការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងការធ្វើចរាចរណ៍ មានភាពល្អប្រសើរ រដ្ឋបាលក្រុងសិរីសោភ័ណ ស្នើបងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ពាណិជ្ជករ ដែលបានសាងសង់សំណង់ សំយាប រោង តូប ស្លាកយីហោ និងការដាក់តាំងទំនិញលក់ដូររំលោភលើដីចំណីផ្លូវសាធារណៈ សូមចូលរួមស្ម័គ្រចិត្តចុះរើដោយខ្លួនឯង ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ចំពោះការដកគម្លាតសូមអនុវត្ត តាមប្លង់គោលដែលបានកំណត់ ។ ក្រោយផុតកំណត់នៃសេចក្តីជូនដឹណឹងនេះ រដ្ឋបាលក្រុង នឹងចុះធ្វើការរុះរើ ផាកពិន័យ និងមិនទទួលខុសត្រូវចំពោះការខូចខាតរបស់ប្រជាពលរដ្ឋឡើយ ៕