Connect with us

ព័ត៌មានជាតិ

រថយន្ត១គ្រឿង បើកបុកម៉ូតូ បណ្តាលឲ្យស្ត្រីចំណាស់ម្នាក់ ស្លាប់ក្រោយបញ្ជូនទៅមន្ទីរពេទ្យ

បាត់ដំបង ៖ ស្ត្រីចំណាស់ម្នាក់ បានដាច់ជើងម្ខាង និងស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជួបហេតុការណ៍គ្រោះថ្នាក់ចរាចរ រថយន្តបុកម៉ូតូ នៅវេលាម៉ោង ១០និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិថ្មី ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូស្គុបពីពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1CF-6187 បើកបរដោយស្ត្រីចំណាស់ម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង និងមានដឹកឥវ៉ាន់សំពីងសំពោងផង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះ ក៏មានរថយន្តស៊ីណាពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ2AL-7791 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្របគ្នា និងបានជ្រុលបុកកិនពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ដាច់ជើងម្ខាង និងស្លាប់ ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកវាស់វែង ធ្វើកំណត់ហេតុយកមធ្យោបាយទាំងពីរទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី