Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ចុះពិនិត្យសិក្ខាកាម ធ្វើលំហាត់យុទ្ធដំណើរទ័ព មុនពិធីបិទវគ្គ

បន្ទាយមានជ័យ ៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចុះពិនិត្យសិក្ខាកាម ធ្វើលំហាត់យុទ្ធដំណើរទ័ព មុនពិធីបិទវគ្គ ។

វគ្គហ្វឹកហ្វឺននេះ ប្រព្រឹត្តទៅដោយធ្វើការជិះឡានចំងាយ២៥គីឡូ និងឈប់សំចតដេកមួយយប់ ហើយព្រឹកឡើង ធ្វើយុទ្ធដំណើរទ័ពដោយថ្មើរជើង ឆ្លងកាត់ឧបសគ្គដោយធម្មជាតិចំងាយ១៨គីឡូ ដោយមានសិក្ខាកាម ចំនួន១០០នាក់ និងមានរយៈពេល ៣ខែចាប់ពី ថ្ងៃ២៥ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា និងធ្វើពិធីបិទវគ្គនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នា២០២៣ខាងមុខនេះ ។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាសន៍ថា ការធ្វើយុទ្ធដំណើរទ័ពនេះ ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជា ឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនពង្រឹងសមត្ថភាព ដើម្បីធានាបាននូវការអនុវត្តតួនាទី ភារៈកិច្ចទទួលបានជោគជ័យ តាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន ។ ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ សិក្ខាកាមទទួលបាននូវចំណេះដឹង  និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំបញ្ជា ការងារប្រយុទ្ធ ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន ៕