Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្តីបន្ទោសអាជ្ញាធរ លើបញ្ហាផ្លូវខូច មិនជួសជុលទាំងដែលផ្លូវទាំងនោះ ជាផ្លូវគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

បន្ទាយមានជ័យ ៖ ផ្លូវក្រាលកៅស៊ូតភ្ជាប់ ពីផ្លូវជាតិទៅទីជនបទ នៃស្រុកមួយចំនួនរបស់ខេត្តបន្ទាយមានជ័យដូចជា នៅស្រុកមង្គលបូរី កំពុងរងការខូចស្ទើតែទាំងស្រុង ដែលធ្វើអោយពលរដ្ឋ ពិបាកធ្វើចរាចរហើយបានស្តីបន្ទោស អាជ្ញាធរមូលដ្ឋានឃុំស្រុក មិនជួសជុល តែការពិត ផ្លូវទាំងនោះជាផ្លូវស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយហួសពីលទ្ធភាពរបស់អាជ្ញាធរ ដែលបានត្រឹមតែស្នើទៅក្រសួងសាមុីតែប៉ុណ្ណោះ ។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានអោយសារព័ត៌មានដឹងកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកបានដឹង និងទទួលស្គាល់ពីការលំបាករបស់ពលរដ្ឋ លើការធ្វើដំណើរដោយសារតែផ្លូវខូច តែអាជ្ញាធរមិនបាននៅស្ងៀមធ្វើមិនដឹង មិនឮឡើយ តែងធ្វើការជួសជុល សម្រួលដល់ការធ្វើចរាចររបស់ពុកម៉ែបងប្អូន រាល់ផ្លូវទាំងឡាយណាដែលស្ថិតនៅក្នុងគម្រោងរបស់ឃុំស្រុក ។ តែសម្រាប់ផ្លូវដែលពលរដ្ឋតែងលើកឡើង ពិបាកធ្វើដំណើរនោះ ជាផ្លូវក្រាលកៅស៊ូ ដូចជា ផ្លូវក្រាលកៅស៊ូពីចំនុចផ្សារអូរស្ងួត បំបែកពីផ្លូវជាតិលេខ៥ ស្ថិកក្នុងឃុំអូរប្រាសាទ ឆ្ពោះទៅឃុំសំបួរ មានប្រវែងជាង២០គីឡូម៉ែត្រ ទើបតែខូចក្នុងឆ្នាំ២០២៣នេះ ។ ផ្លូវក្រាលកៅស៊ូពីចំនុចបំបែកវាងក្រុង នៃផ្លូវជាតិលេខ៥ ចំនុចផ្លូវចូលវត្តបឹងត្រាវ នៃឃុំឬស្សីក្រោក ឆ្ពោះទៅឃុំរហាត់ទឹក រងការខូចជាច្រើនឆ្នាំមកហើយ តាំងពីឆ្នាំ២០២០ ដោយសារទឹកជំនន់ និងផ្លូវក្រាលកៅស៊ូ ពីឃុំបន្ទាយនាង ទៅឃុំគោកបង្ល័ង ដែលផ្លូវទាំងអស់នេះជាផ្លូវ ដែលស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលហួសពីសមត្ថភាពរបស់ស្រុក ក្នុងការជួសជុល ។ថ្វីត្បិតតែស្រុក មិនមានលទ្ធភាពជួសជុល ក៏ពិតមែន តែស្រុកមិនបានប្រងើយកណ្តើយឡើយ គឺ បានធ្វើរបាយការណ៍ និងសំណើរទៅខាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ជាច្រើនលើក តែខាងមន្ទីរក៏បានទទួលយកសំណើរបន្ត ទៅក្រសួងតែពុំមានលទ្ធផលមកវិញ សូមបីតែការថែទាំក៏ពុំមាន ជាហេតុធ្វើអោយអាជ្ញាធរ ប្រឈមនិងពលរដ្ឋស្តីបន្ទោស ។

សូមបញ្ជក់ថា នៅស្រុកផ្សេងៗទៀត ក្រៅពីស្រុកមង្គលបូរី ក៏មានផ្លូវក្រាលកៅស៊ូជាច្រើនខ្សែរ ដែលស្ថាបនាដោយគម្រោងនៃក្រសួងអភិវឌ្ឍន៍ជនបទ រងការខូចស្ទើទាំងស្រុង រាប់ឆ្នាំមកហើយដែរ ក្នុងនោះអង្គភាពយើង ក៏ធ្លាប់បានចុះផ្សាយផងដែរ ។

ជុំវិញបញ្ហាផ្លូវដែលស្ថាបនាដោយក្រសួងអភិវឌ្ឍន៍ជនបទ ហើយខូចដោយភាគច្រើន ដោយទឹកជំនន់នេះ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ កន្លងមកបានអោយដឹងដែលថា ចំពោះមុខមន្ទីរមិនទាន់ទទួលបានថវិកា ពីក្រសួងក្នុងការស្តា ឬជួសជុលស្ថាបនាផ្លូវ ដែលរងរងការខូចនោះទេហើយបើនិយាយទៅ ទូទាំងខេត្តមានផ្លូវជាង៦០ខ្សែរដែលរងការខូច ។ ជាគម្រោងអនុវឌ្ឍន៍ឆ្នាំ២០២៣ ដល់២០២៨ មានផ្លូវប្រវែងជាង៣០០គីឡូម៉ែត្រ ដែលត្រូវស្តារឡើងវិញ តែគម្រោងនេះ មិនទាន់បានអនុម័តនៅឡើយ ៕