Connect with us

ព័ត៌មានជាតិ

តុលាការសម្រេចឃុំអគ្គនាយក អគ្គនាយករងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យ ឯ.ក ក្រោយរងការចោទប្រកាន់ពីបទរំលោ-ភលើទំនុកចិត្ត

កំពង់ស្ពឺ៖ អគ្គនាយក អគ្គនាយករងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យ ឯ.ក បានរងបណ្តឹងពីអតិថិជនរបស់ខ្លួនថាបានរំលោភលើសេចក្តីទុកចិត្ត តុលាការបានសម្រេចឃុំខ្លួនហើយកាលពីរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣។

យោងតាមដីបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោកស្រី នាង ស៊ីណៃ បានឱ្យដឹងថា ជនជាប់ចោទដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ទិត តុន ភេទប្រុស អាយុ៤២ឆ្នាំ ជាអគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យតេជៈមានជ័យឌីវេឡុបម៉ិន រៀលអ៊ីស្ទេត រស់នៅក្នុងភូមិអង្គសេរី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ អ៉ឹង ណៃហួយ ភេទស្រី អាយុ ៣៣ឆ្នាំ ជាអគ្គនាយករងក្រុមហ៊ុនខាងលើទទួលបន្ទុកហិរញ្ញឹក ជាប្តីប្រពន្ធនិងគ្នា។

ដីការនេះដែរបានបញ្ជាក់បន្ថែមថាជនជាប់ចោទទាំងពីរនាក់ខាងលើបានជាប់ចោទពីបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន តាមមាត្រា២៥៥ នៃច្បាប់ភូមិបាល ប្រព្រឹត្តនៅភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ក្រោយទទួលសំណុំរឿង តុលាការបានចេញដីបង្គាប់ឱ្យចូលខ្លួន ប៉ុន្តែជនជាប់ចោទមិនបានចូលខ្លួនតាមកាលកំណត់របស់តុលាការនោះទេ ទើបតុលាការសម្រេចចេញដីការបង្គាប់ឱ្យចាប់ខ្លួនតែម្តង។

ដោយមានតម្រុយពិរុទ្ធភាពគ្រប់គ្រាន់ ដែលត្រូវបានផ្តន្ទាទោសជាងមួយឆ្នាំ ជនជាប់ចោទទាំងពីរនាក់ត្រូវបានបញ្ជូនឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរងចាំថ្ងៃបើកសវនការពេលក្រោយ។