Connect with us

ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង បានអញ្ជើញកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា០១ខ្នង ៤ជាន់ ស្មើ៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស និងចែកម៉ូតូដល់សិស្សានុសិស្សនិទ្ទេសA ចំនួន៧៧រូប

(បាត់ដំបង) នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ខ្សែបូណ៌សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា០១ខ្នង ៤ជាន់ ស្មើ៣០បន្ទប់ នៃវិទ្យាល័យព្រះមុនីវង្ស និងចែកម៉ូតូដល់សិស្សានុសិស្សនិទ្ទេសA ចំនួន៧៧រូបនៅក្នុងខេត្តបាត់ដំបង។

នាឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង មានសមត្ថភាព ភាពច្នៃប្រឌិត និងក្រមសីលធម៌ល្អ សំដៅរួមចំណែកជួយបង្កើននូវកំណើនសេដ្ឋកិច្ច តាមរយៈការពង្រឹងភាពប្រកួតប្រជែងក្នុងការលើកកម្ពស់ដើម្បីអភិវឌ្ឍឧស្សាហកម្ម ព្រោះរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានចាប់ផ្ដើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដោយផ្តោតលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងដាក់ចេញនូវវិធានការគន្លឹះសម្រាប់ពង្រឹងគុណភាពសាលារបស់រដ្ឋចាប់ពីមត្តេយ្យសិក្សាឡើង ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ស្របតាមយុគ្គសម័យបច្ចេកវិទ្យា។

ជាមួយគ្នានេះ សម្តេចក៏បានសំណូមពរស្នើទី១ សូមអោយចូលរួមពង្រឹង និងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារព្រះមហាក្សត្រ ព្រមទាំងបន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិសេរីភាពប្រជាពលរដ្ឋ និងពង្រឹងនិតិរដ្ឋតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារបស់យើង .ទី២.ស្នើជំរុញបន្តអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពជួញដូរ និងចែកចាយប្រើប្រាស់គ្រឿងញៀន បទល្មើសលួចឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់តាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើង ពិសេសបញ្ហាគ្រឿងញៀន .ទី៣.ស្នើបន្តជំរុញសកម្មភាពត្រួតពិនិត្យ និងផ្សព្វផ្សាយអោយបានទូលំទូលាយ នូវការជួញដូរ ការប្រើប្រាស់គ្រឿងញៀន តាមរយៈគោលការណ៍បីកុំ មួយរាយការណ៍ សូមអាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនវិធានការអប់រំ ដោយដើរទន្ទឹមនិងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតអប្បបរមា ខណៈបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមនៅក្នុងសង្គមដែលមានមនុស្សស្លាប់និងរបួសជារៀងរាល់ថ្ងៃ .ទី៤.ស្នើយកចិត្តទុកដាក់ និងត្រៀមជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិ និងគ្រោះផ្សេងៗ ប្រជាពលរដ្ឋមានការខ្វះខាត និងជនងាយរងគ្រោះនានាដើម្បីលើកកម្ពស់សម្មធម៌ និងសុខមាលភាពល្អប្រសើរ .ទី៥. សំណូមពរអប់រំ ផ្សព្វផ្សាយប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាតជាប់ជាប្រចាំ។