Connect with us

ព័ត៌មានជាតិ

ក្មេងស្រីដែលមានម្តាយ មានជំងឺសើស្បែក នៅក្រុងបាត់ដំបង បានទទួលការឧបត្ថម្ភពី លោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១១ ខែមករា  ឆ្នាំ២០២៤នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ អនុប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង  តំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនកុមារី សុខ ចំរើន អាយុ១៥ឆ្នាំ ជាកុមាកំព្រាឪពុក ម្តាយ មានជំងឺសើស្បែក រៀននៅវិទ្យាល័យសម្តេចឪ ស្នាក់នៅវិហារចិនមួយកន្លែង ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ក្នុងឱកាសនោះដែរ ក្នុងនាមឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ម៉េត រ៉ាវិចិត្រ សុខលូ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ លោកជំទាវបានផ្តាំផ្ញើអោយកុមារី សុខ ចំរើន ត្រូវបន្តខិតខំថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត បរិភោគស្អាត ផឹកស្អាត និងជូនពរឆាប់បានជាសះស្បើយឡើងវិញផងដែរ។

លោកជំទាវ កោតសរសើរចំពោះក្មួយស្រី សុខ ចំរើន ទោះបីជាមានជីវភាពក្រីក្រ គ្មានឪពុកម្តាយនៅមើលថៃទាំក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនិងការជំរុញបន្ថែមពីលោកគ្រូ អ្នកគ្រូ និងមានការលើកទឹកចិត្តពីគណៈគ្រប់គ្រងនៃវិហារចិនផង ហេតុដូចនេះ សូមក្មួយស្រីត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកត្តញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិនាថ្ងៃអនាគត។

កុមារី សុខ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក និងសូមជូនពរសម្ដេចឲ្យជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ៖ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានឧបត្ថម្ភដល់កុមារី សុខ ចំរើន រួមមាន៖ អង្ករ១០០គីឡូក្រាម,មី២ កេស, ត្រីខ២យួរ, ទឹកត្រី២យួរ ,ទឹកស៊ីអ៊ីវ ២យួរ ,កាបូកស្ពាយ ១ សៀវភៅសសេរ ១០ក្បាល ប៊ិច១ប្រអប់ ,ឃីត ( មុង,ភួយ,ក្រមា) ១, និងថវិកា ៥០ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាដល់គណៈគ្រប់គ្រង និងកុមាដែលស្នាក់នៅវិហារចិនមួយចំនួនផងដែរ ៕
ដោយ ៖ សាលី